ភ្នំពេញៈ រោងចក្រផលិតស្បែកជើង ម៉ារូ ឈុន ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានជនសង្ស័យកាត់ផ្លោះរបង គាស់ទ្វារចូលទៅក្នុងរោងចក្រ គាស់ទូដែកចំនួន២ រើកកាយលួចទ្រព្យសម្បត្តិ លុយកាក់ ហើយគេចខ្លួន តាំងពីវេលាយប់ រហូតដល់វេលាម៉ោងជាង៨ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីថៅកែរោងចក្រ ចូលទៅក្នុងការិយាល័យ ដើម្បីពិនិត្យរាល់ឯកសារការងារ ទើបឃើញ ទូដែក គាស់បំបែកខ្ទេចសម្ភារៈរើកកាយពេញបន្ទប់ រត់ទៅប្តឹងប៉ូលិសចុះទៅពិនិត្យមើលជាក់ស្តែង តែម្តង។
តាមរយៈអ្នកបកប្រែ ថៅកែជនជាតិចិន បានឲ្យដឹងដែរថា នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នេះគាត់ចូលទៅពិនិត្យលើឯកសារ កិច្ចការរដ្ឋបាល ក្នុងការិយាល័យ ស្រាប់តែឃើញ ក្នុងបន្ទប់ ត្រូវបានជនសង្ស័យ រើកកាយ សម្ភារៈធ្លាក់រាយប៉ាយ ទូដែក ដាក់ឯកសារ និងសម្ភារៈ សំខាន់ៗ ត្រូវបានជនសង្ស័យ គាស់ បំបែកខ្ទេច ហើយបន្តតាមពិនិត្យ ស្លាកស្នាម ជនសង្ស័យគាស់ទ្វារចូលបន្ទប់ គណនេយ្យ រោងចក្រ គាស់ទូដែកមួយទៀត នឹងរើ សម្ភារៈ រាយពេញបន្ទប់ នៅវេលាម៉ោង២និង៥០នាទីអធ្រាត្រ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយផ្អែកទៅលើម៉ោងកាមេរ៉ាសុវត្ថិភាព។
តែបើបុគ្គលិកបម្រើការងាររដ្ឋបាល ក្នុងរោងចក្រខាងលើ បានឲ្យដឹងថា ផ្អែកទៅលើកាមេរ៉ាសុវត្តិភាព ក្នុងរោងចក្រ ជនសង្ស័យ២នាក់ ពាក់ម៉ាស់ជិត កាត់បន្លាលួសរបង ពីចំហៀងរោងចក្រ ចូលហើយ បានកាត់ទ្វារដែក ចំហៀងបន្ទប់គណនេយ្យ ចូលរើកកាយហើយ ឡើងទៅជាន់លើ បន្ទប់ថៅកែរោងចក្រ គាស់ទូដែកខ្ទេច។
ចំពោះការបាត់បង់ មិនត្រូវបានថៅកែរោងចក្រ ប្រាប់ចំនួនជាក់លាក់ឡើយ គ្រាន់តែឲ្យដឹងថា លុយកាក់មួយចំនួន ព្រោះក្រុមហ៊ុនមិនទាន់យកលុយចូលសម្រាប់ទូទាត់ឲ្យកម្មករនៅឡើយ បាត់តែឯកសារ និងស្បែកជើងមួយចំនួន។
ក្នុងករណីខាងលើសមត្ថកិច្ចកំពុងធ្វើការស៊ើបសួរ ស្រាវជ្រាវនៅឡើយ ៕
មតិយោបល់