កំពង់ឆ្នាំង៖នារី២នាក់បានរត់ចោលម៉ូតូ ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែភ្លើងឆេះម៉ូតូ ក៏ស្រែកអោយគេជួយ ប៉ុន្តែទំរាំនគរបាលប៉ុស្តិ៍ជួយពន្លត់រលត់ម៉ូតូនោះបានឆេះអស់ប្រមាណ៦០% ទៅហើយ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងស្រុកកំពង់ឆ្នាំង។ លោក ជា វណ្ណះ នាយនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖នារីរងគ្រោះនោះឈ្មោះ ផុល ស្រីពៅ អាយុ១៩ឆ្នាំ រស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ បើកម៉ូតូម៉ាកហុងដាឌ្រីមសេរី០៥ ពណ៌ខ្មៅអត់ស្លាកលេខ ឌុបប្អូនស្រីម្នាក់ចេញពីផ្ទះធ្វើដំណើរទៅលេងបងប្អូននៅភូមិពន្លៃ ស្រុកបរិបូរណ៌។ពេលមកដល់កន្លែងកើតហេតុប្អូន ស្រីដែលជិះនៅខាងក្រោយស្រែកប្រាប់បងស្រីថា « បងដូចជាក្តៅជើង » ពេលគេក្រឡេកមើលទៅក្រោមក៍ឃើញអណ្តាតភ្លើងឆេះសន្ធោសន្ធៅចេញពីធុងសាំងម៉ូតូ ពេលនោះពួកនាងបានបត់ទៅឆ្វេងដៃបន្តិចហើយផ្តួលម៉ូតូចោល និងស្រែកអោយគេជួយ។នៅពេលនោះដែរលោកនាយនគរបាលប៉ុស្តិ៍ និងកូនចៅបាននាំគ្នាយកធុងស្ពេត្រូដងទឹកពីស្រះឈូកដែលនៅក្បែរនោះ យកចាក់ស្រោចពន្លត់ម៉ូតូ អស់ប្រមាណ១០នាទីនៅតែមិនរលត់ បន្ទាប់មកអ្នកលក់ហ្គាសដែលនៅក្បែរនោះដែរ ក៍បានអោយបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទើបភ្លើងនោះរលត់ទៅវិញ ប៉ុន្តែម៉ូតូបានឆេះខូចអស់ប្រមាណ ៦០ % ទៅហើយ។
ករណីកើតហេតុនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា៖អាចបណ្តាលមកពីទុយោសាំងម៉ូតូលិចស្រក់សាំងទៅលើម៉ាស៊ីនម៉ូតូកំពុងក្តៅ ឬប៊ូហ្សីម៉ូតូ ទើបបណ្តាលអោយឆាបឆេះ បែបនេះ សំណាងល្អដែរដែលធុងសាំងមិនផ្ទុះ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។គ្រោះថ្នាក់នេះជាបទពិសោធន៍មួយរបស់អ្នកប្រើប្រាស់ម៉ូតូទាំងអស់គួរតែប្រុងប្រយ័ត្នថែរ ទាំ និងត្រួតពិនិត្យមើលទុយោសាំងម៉ូតូ កុំអោយមានការជ្រាបលេច ទើបជៀសវាងបាននូវគ្រោះថ្នាក់ដូចខាងលើនេះ។
ក្រោយពេលកើតហេតុនារីរងគ្រោះបានទូរស័ព្ទហៅក្រុមគ្រួសារមកជួយយកម៉ូតូ ទៅកាន់លំនៅដ្ឋានវិញ ដើម្បីធ្វើការជួសជុលប្រើប្រាស់វិញ ព្រោះថាម៉ូតូនោះខូចខាតតែខោអាវជាគ្រឿងជ័រតែប៉ុណ្ណោះគឺអាចជួសជុលប្រើប្រាស់វិញបាន៕
មតិយោបល់