ភ្នំពេញ៖ ភ្នំពេញជាទីក្រុងដ៏ល្បីល្បាញបំផុត របស់ប្រទេសកម្ពុជា ដែលជាទីប្រជុំជន ដ៏សម្បូរបែប ដោយមានស្ទើរតែគ្រប់វិស័យ ដែលដំណើរការនៅទីនេះ ហើយវាក៏ជាបេះដូង ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ផងដែរ។
ទីក្រុងដ៏ផូរផង់ដែលត្រូវបានគេប្រសិទ្ធនាម ឲ្យថា ជាទីក្រុង គុជ កំពុងតែស្ថិតនៅក្នុងក្រសែភ្នែក របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស លើផ្នែកសោភណ្ឌភាព និង ជាទីក្រុង ជាប់ចំណាត់ថ្នាក់ ផ្នែកទឹកលិច រាប់សិបឆ្នាំ ដែលមិនអាចដោះស្រាយចេញបាន ។ រាល់ពេលភ្លៀងមួយមេធំម្តងៗ ភ្នំពេញ វាប្រែក្លាយទៅជា ស្ទឹងទន្លេ បឹងបួរ ឬ អាចហៅថា ជាទីក្រុង ដែលធ្វើឡើងលើទឹក ដូចបណ្តាញប្រទេសមួយចំនួន ។ កង្វះសមត្ថភាពដោះស្រាយនេះ កន្លងមក មានមតិចោទជាច្រើន លើក្រសួងពាក់ព័ទ្ធ ដោយអះអាងថា មកពីលុបបឹងកក់ ក៏ប៉ុន្តែមន្ត្រីជំនាញ បានអះអាងតបវិញថា ទឹកលិចមិនមែនមកពីលុបបឹងកក់នោះទេ ហើយក៏សូមឲ្យប្រជាពលរដ្ឋយោគយល់ផង ដោយបញ្ហាបង្ហូរទឹកនេះ នឹងដោះស្រាយនាប៉ុន្មានឆ្នាំខាងមុខនេះ ។ ក្រៅពីបញ្ហាស្ទះលូ ទឹកជន់ នេះ គេសង្កេតឃើញថា ក្នុងរាជធានីភ្នំពេញ ការទុកដាក់កាក់សំណល់មួយចំនួន ធ្វើឡើងមិនបានរៀបរយឡើយដែលធ្វើឲ្យបាត់បង់សោភណ្ឌភាព ក្នុងទីក្រុងទាំងមូល និងប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង ។ លើសពីនេះ ទៅទៀត ដីហុយ នៅតាមដងវិថី និង ជាយរាជធានីភ្នំពេញមួយចំនួន ក៏ចោទជាបញ្ហា ខណៈដែលឲ្យរថយន្តធំៗដឹកដីចូល ក្រុងទាំងថ្ងៃ ធ្វើឲ្យដីបាចសាច ហុយពេញទីក្រុង និងអាចបង្កជាគ្រោះថ្នាក់ដោយយថាហេតុ ។
សាលារាជធានីភ្នំពេញ ធ្លាប់បានចេញបញ្ជា មិនឲ្យមាន រថយន្តដឹកដីចូលក្រុង ពេលថ្ងៃ ក៏ប៉ុន្តែ ការអនុវត្តន៍ បានតែមួយប្រាវ ក៏លេចកន្ទុយក្វៀន ចេញមកសារជាថ្មី ដោយរថយន្តដឹកខ្សាច់ និងដឹកដីរបស់ឈ្មួញចូលក្រុង នាពេលថ្ងៃត្រង់ កំពុងតែដំណើរការយ៉ាងរលូន ដោយមិនខ្វល់ ពីបញ្ជាថ្នាក់លើឡើយ។
បញ្ហាធំចំនួន ធំរួមមាន ការទុកដាក់កាកសំណល់ ទឹកលិចក្នុងទីក្រុងភ្នំពេញ និង ដីហុយ វាកំពុងតែស្ថិតនៅក្នុងក្រសែភ្នែក ប្រជាពលរដ្ឋ ដែលអាជ្ញាធរ គួរចាត់វិធានការឲ្យបានស៊ីជម្រៅ ៕
មតិយោបល់