ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

ហត្ថាកសិករ សហការចូលរួមព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៦

ភ្នំពេញៈ គ្រឹះស្ថានឈានមុនគេ ហត្ថាកសិករ លីមីតធីត បានចូលរួមសហការដល់គណៈកម្មាធិការជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិ លើកទី៦ ដែលកម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង៥០០០នាក់ អញ្ជើញមកពីស្ថាប័នរដ្ឋ ឯកជន និងអង្គការនានាដែលស្រឡាញ់ និងគាំទ្រកីឡានេះ។

ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិ លើកទី៦ សម្រាប់ឆ្នាំនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ក្នុងគោលបំណងសំខាន់ៗ ដើម្បីអបអរសាទរថ្ងៃបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ និងអបអរសាទរទិវាអូឡាំពិក លើកទី១២២ ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធរបុប្ឋា រក្សាទីក្រុងស្អាត ដើម្បីសុខភាព និងមិត្តភាព ដែលសកម្មភាព និងបេសកម្មទាំងនេះ ស្របតាមចក្ខុវិស័យរបស់ស្ថាប័ននៃការងារមនុស្សធម៌ក្នុងសង្គមកន្លងមក។

ការចូលរួមសកម្មភាពសង្គមបែបនេះ មិនមែនជាលើកទី១ទេ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលជានិច្ចជាកាលតែងតែបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដូចជា ការផ្តល់រង្វាន់ជូនសិស្សពូកែ ការផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្ស ការសាងសង់អគារសិក្សា បណ្ណាល័យ ការផ្តល់វគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋទូទៅនឹងការចូលរួមផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកជាដើម។

គួរជម្រាបផងដែរថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ហត្ថាកសិករ មានការិយាល័យប្រតិបត្តិចំនួន១៥៣ការិយាល័យ នៅទូទាំងប្រទេស និងមានម៉ាស៊ីនអេធីអឹម ១២២កន្លែងគ្រប់ខេត្តក្រុង។ សមតុល្យឥណទានជាង៣៨៧លានដុល្លារអាមេរិក ដែលមានអតិថិជនប្រាក់កម្ចី ចំនួនជាង១១ម៉ឺននាក់ និងមានសមតុល្យប្រាក់បញ្ញើសន្សំជាង២៨១លានដុល្លារអាមេរិក និងមានអតិថិជនកំពុងដាក់ប្រាក់បញ្ញើជាង២២ម៉ឺននាក់។ ជាមួយគ្នានេះ ចំនួនអតិថិជនដែលកំពុងប្រើប្រាស់កាតអេធីអឹម មានជាង៣ម៉ឺននាក់ ចំណែកឯអតិថិជនកំពុងប្រើប្រាស់សេវាកម្មធនាគារចល័តមានជាង៤ពាន់នាក់៕

មតិយោបល់