ព័ត៌មានជាតិ

សម្លាប់​យក​ខ្សែក​ចិញ្ជៀន​នៅ​វាលស្រែ​ក្នុង​ស្រុក​ចំការលើ​ដោយប្រើត្បូងចប​

​កំពង់ចាម​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​វេទនា ក្រោម​ត្បូងចប​របស់​ឃាតក ប្រមូល​យក​ខ្សែក និង ចិញ្ជៀន​ប្លាក​ទីន តាំងពី​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៤ រហូត​ដល់​ល្ងាច​ទើប​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​រកឃើញ នៅ​ចំណុច​វាលស្រែ​ច្រឡៃ ស្ថិតក្នុង​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។​

​លោក វរៈសេនីយ៍ត្រី លា​វ សុភា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ចំការលើ​បានឲ្យដឹងថា ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​តាំងពីព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ នៅពេល​ដែល​ស្ត្រី​ជា​ជនរងគ្រោះ ឈ្មោះ ឃី​ន បុល អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​បាន​ទៅ​ពិនិត្យ​មើល​ស្រូវ​ក្នុង​ស្រែ​របស់ខ្លួន ដែល​ភ្ជាប់​ដោយ​សម្ភារៈ​មាន​ចបកាប់​ចំនួន​១​យក​ភ្ជាប់​ទៅ​ជាមួយ ទុក​គ្រាន់​បិទ​បើកទឹក​ស្រែ ។ តាម​ការស្រាវជ្រាវ​ពី​អ្នកជិតខាង​បានឲ្យដឹងថា គេ​ឃើញ​ស្ត្រី​ជនរងគ្រោះ បាន​បាត់​ពី​ផ្ទះ​តាំងពីព្រឹក លុះ​ដល់​ល្ងាច​ទើប​សាច់ញាតិ ក្រុមគ្រួសារ​នាំគ្នា​ឆោឡោ​រក ស្រាប់តែ​ឃើញ​សាកសព​នៅ ចំណុចកើតហេតុ ខាងលើ​តែម្តង ។
Kill
​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ចំការលើ ពិនិត្យ​លើ​សាកសព​ទៅនឹង​យោងតាម​ចម្លើយ​របស់​ក្រុម​គ្រួសារ​រងគ្រោះ​ឃើញ​ថា ស្ត្រី​រងគ្រោះ ឃាតក បានសម្លាប់​នឹង​ត្បូងចប​វាយ​ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ​ជាច្រើន​ចប​បណ្តាលឲ្យ​ស្លាប់ រួច​គេ​បាន​ប្រមូល​យក​ខ្សែ​កប្លាក​ទីន​ចំនួន​១​ខ្សែ និង​ចិញ្ជៀន​ប្លាក​ទីន​ចំនួន​២​វង់​ផងដែរ សរុប​ទម្ងន់ ចំនួន​៧​ជីប្លា​ក​ទីន ។ ក្រោយពេល​កើតហេតុ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តងទៅ ។ ដោយឡែក​វត្ថុតាង កម្លាំង​ប្រមូលបាន​មាន​ចបកាប់​ចំនួន​១ ចប​នោះ​ជា​ចប​របស់​ជនរងគ្រោះ​ថែម​ទៀត ។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ដោយ​ត្បូងចប​នោះ យ៉ាង​ពិតប្រាកដ ។​

​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ទៀតថា ស្ត្រី​រងគ្រោះ​មាន​កូន​ចំនួន​៤​នាក់ ប្រុស​២​នាក់ និង​ស្រី​២​នាក់ ហើយ​ប្តី​របស់​គាត់​បាន​ចេញ​ទៅ​ធ្វើ​កម្មករ​នៅ​ក្រៅប្រទេស បច្ចុប្បន្ន​សាកសព​ត្រូវ​ក្រុមគ្រួសារ​យក​មក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ។ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា តាម​ចាប់ខ្លួន​ឃាតក យក​មក​ផ្តន្ទាទោស​ទៅតាម​និតិ​វិធី ៕

មតិយោបល់