ព័ត៌មានជាតិ

សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ នូវ​បង្គន់​អនាម័យ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​

​ខេត្ត​ព្រះសីហនុ​៖​បង្គន់​អនាម័យ​មួយ​ខ្នង​ស្មើនឹង ០៥​បន្ទប់ ដែល​ជា​ការជួយ​ឧបត្ថម្ភ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជូន​ដល់​សិស្សានុសិស្ស​សាលាបឋមសិក្សា​សម្តេច ជា ស៊ីម ស្ថិតក្នុង​សង្កាត់​លេខ ២ ក្រុងព្រះសីហនុ ត្រូវបាន​ដាក់​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​លោក អ៊ឹង និ​បុ​ណ្ណា អនុប្រធាន​អប់រំ យុវជន និង កីឡា ខេត្ត​ព្រះសីហនុ ។​
USA
​លោក ម៉ៃ ក្ខៃ​ក្ខា (MIKE GUAIGUA) តំណាង​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា បានអោយដឹងថា បង្គន់​អនាម័យ​មួយ​ខ្នង​មាន ៥​បន្ទប់ បំពាក់​ដោយ​សំភារៈ និង​ស៊ីទែន​ទឹក​ចំណុះ ២០០០​លីត្រ ចំនួន​១ ចំណាយ​ថវិការ​អស់​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក បានចាប់ផ្តើម​សាងសង់​កាលពី​នៅ​ថ្ងៃទី​១៤ ខែ សីហា និង បញ្ចប់​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ។ បង្គន់​អនាម័យ​នេះ​សាងសង់​ជា​លើក​ទី​១ ក្នុង​បេសកម្ម​រយៈពេល ៦​ខែ របស់​ក្រុម​វិស្វកម្ម​កងទ័ពជើងទឹក​ស​ហ​រដ្ឋ​អាមេរិក N.M.C.B លេខ ៤ នៅក្នុង​ប្រទេស​កម្ពុជា ។​

​លោក អ៊ឹង នី​បុ​ណ្ណា អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៏​ថ្លែងអំណរគុណ​ចំពោះ​ស្ថានទូត​សហរដ្ឋអាមេរិក និង​កងវិស្វកម្ម​កង​ទ័ពជើងទឹក​សហរដ្ឋ​អាមេរិក​ដែល​បាន​ជួយ​ឧបត្ថម្ភ​សាងសង់​នូវ​បង្គន់​អនាម័យ​មួយ​ខ្នង ស្មើនឹង ០៥​បន្ទប់​ក្នុង​សាលាបឋមសិក្សា​សម្តេច​ជា ស៊ីម ដែល​បាន​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់ នៅពេលនេះ​គឺ​ពិតជា​មាន​អត្ថប្រយោជន៏ និង​មាន​តម្លៃ​ក្នុង​ការជួយ​ថែរក្សា​អនាម័យ និង​ថែទាំ​សុខមាលភាព​ដល់​ក្មួយៗ សិស្សានុសិស្ស ក៏ដូចជា​ការកែលំអ​បរិស្ថាន​របស់​សាលា​បឋមសិក្សា​សម្តេច ជា ស៊ីម ផងដែរ ។​

​លោក​ក៏​បាន​បន្តទៀតថា សមិទ្ឋិផល​ថ្មី​នេះ គឺ​ពិតជា​មាន​លក្ខណៈ​រឹងមាំ ពិសេស​ដែល​ជា​ការចូលរួម​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​ន៏​វិស័យ​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស​អោយ​កាន់តែ​ប្រសើរ ស្របតាម​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​គោលនយោបាយ និង ផែនការ​យុទ្ឋសាស្ត្រ​ចតុកោណ​របស់​រាជរ​ដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ។​

​ ​បន្ទាប់​មក​ក​គណៈអធិបតី ក៏​បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ជូន​ដល់​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​បាន​អញ្ជើញ​កាត់​ខ្សែ​បូជា​និមិត្តរូប​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​នូវ​បន្ទន់​អនាម័យ​ប្រកបដោយ​បរិយាកាស​រីករាយ ព្រមទាំង​ចែក​ជូន​នូវ​សម្ភា​រះ​សិក្សា​ដល់​សិស្សានុសិស្ស​ផងដែរ ៕​ ​ ​ ​
​ ​ ​ ​ ​

មតិយោបល់