ព័ត៌មានជាតិ

អាវុធហត្ថ​ស្នាក់ការ​២០១​ស្រុក​បាទី​បង្ក្រាប​រថយន្ត​ដឹក​ទំនិញ​គេច​ពន្ធ​បំរុង​លោត​ឆ័ត​មក​ភ្នំពេញ​

​ ​ខេត្តតាកែវ​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់ការ​២០១ ប្រតិបត្តិ​ការស្ទាក់ចាប់​រថយន្ត​ដឹកទំនិញ​ចាប់ហួយ​គេចពន្ធ​បំរុង​លោត​ឆ័ត​ពី​ច្រករបៀង​ខេត្តតាកែវ មក​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ១ និង​៣០​នាទី រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៤ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​២ ចំណុច​ភូមិ​ហនុ​ម៉ាណ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ លោក​អនុសេនីយ៍ឯក សឿន ណ្ណៃ​រ៉ា ប្រធាន ស្នាក់ការ​២០១ បានឲ្យដឹងថា រថយន្ត​ដឹក​ទំនិញ​គេច​ពន្ធ​ជា​អីវ៉ាន់ លក់​ចាប់ហួយ​ជា​របស់​មេ​ឈ្មួញ​ជើង ខ្លាំង​រកស៊ី​ដឹក​ទំនិញ គេច​ពន្ធ​ពី​ច្រករបៀង​ព្រែក​តា​ម៉ៅ ក្បែរ​ច្រកទ្វា អន្តរជាតិ ភ្នំ​ឌិន ខេត្តតាកែវ ដឹក​យក​មក​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​។​

​ ​លោក​ប្រធាន​ស្នាក់​ការ​បន្ត​ថា មេ​ឈ្មួញ​រកស៊ី​ទំនិញ​ចាប់ហួយ​គេច​ពន្ធ​ឈ្មោះ​ចែ សិន គាត់​រកស៊ី ច្រើន​ឆ្នាំ​មកហើយ មិនដែល​ឃើញ​មាន​ការបង្ក្រាប​អំពី​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ឡើយ ឈ្មួញ​រកស៊ី​ដ៏ សកម្ម​ខាង​លើ​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ស្នាក់ការ​២០១ បាន​តាម​ប្រមាញ់​ច្រើន​ថ្ងៃ​មកហើយ ដោយមាន ការចង្អុលបង្ហាញ​អំពី​លោក​ឧត្តមសេនីយ៍ត្រី​ឡា​ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ផង​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ធ្វើការ​បង្ក្រាប​បាន​តែ​ម្តង​។​
Takao
​ ​លោក​ប្រធាន​ស្នាក់​ការ​បន្ត​ថា រថយន្ត​និង​ទំនិញ​ខុសច្បាប់​នៅ​រង់ចាំ​ធ្វើ​ការត្រួតពិនិត្យ​អំពី​មន្ត្រី ជំនាញ​ថ្នាក់លើ​ហើយ រៀបចំ​ឯកសារ​បញ្ជូន​ទៅ​ស្នាក់ការ​សាខាគយ​រដ្ឋ​ករ​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម នីតិវិធី​ច្បាប់​។​
​ ​គួរបញ្ជាក់​ថា ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​ពិសេស​ទំនិញ​ចាប់ហួយ​កំពុង​សំរុក​នាំ​ចេញ​ពី​ប្រទេស វៀតណាម ដឹក​តាម​ច្រករបៀង​ខេត្តតាកែវ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ហើយ ទំនិញ​ទាំងនោះ​ភាគច្រើន សំរុក​ដឹក​ចេញ​នៅ​ពេលយប់​តែម្តង​៕

មតិយោបល់