បាត់ដំបង៖ ជនសង្ស័យចំនួន4 នាក់ដែលក្នុងនោះមានម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់ត្រូវបានកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង 5-30 នាទីល្ងាចថ្ងៃទី 10-10-14 ត្រង់ចំនុចភូមិសូភី 2 សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបងខណ:ដែលក្រុមនេះកំពុងលក់ដូរគ្រឿងញៀនជាក់ស្តែងនៅនឹងផ្ទះ. ។
លោក សំ វិឡុង មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងបានបញ្ជាក់ថា ក្រោយពីទទួលបាន
សេចក្តីរាយការរួចមកលោកបានចាត់កំលាំងចុះទៅត្រង់ចំនុចកើតហេតុខាងលើក៏បានប្រទះឃើញ
មុខសញ្ញាទាំងនេះកំពុងធ្វើសកម្មភាពចែកចាយនិងនាំគ្នាសេពនៅនឹងកន្លែងនោះតែម្តងទើបសុំ
គោលការទៅលោកមេបញ្ជាការដើម្បីឃាត់ខ្លួនទាំងអស់និងនាំមកកាន់បញ្ជាការដ្ឋានដើម្បីសាកសួរ។
ក្នុងចំណោមពួកគេទាំង 4 នាក់គឺមានម្នាក់ជាអ្នកចែកចាយឈ្មោះ ជួង រីហ្វីន ភេទប្រុស
អាយុ 28 ឆ្នាំរស់នៅត្រង់ចំនុចកើតហេតុខាងលើ ចំណែក3 នាក់ទៀតគឺជាអ្នកទិញហើយសេពនៅទីនោះ
តែម្តងដែលមានឈ្មោះ 1 ចាន់ សុម៉ាឡា ភេទប្រុស អាយុ 24 ឆ្នាំ រស់នៅភូមិតាព្រូច សង្កាត់ក្តុលដូនទាវ
2 វ៉ាន់ សាវឿន ភេទស្រី អាយុ 26 ឆ្នាំរស់នៅភូមិរំចេក4 សង្កាត់រតន: និង3 រឹត រាត្រី ភេទស្រី អាយុ
23 ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង. ។
ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចកងរាជអាវុធហត្ថបានដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកក
ចំនួន 7 កញ្ចប់តូចដែលគេវេចខ្ចប់រួចជាស្រេចទុកសំរាប់លក់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន
ព្រមទាំងមានដាវសាំម៉ូរ៉ៃចំនួន 2 ដើមថែមទៀតផង ដោយបច្ចុប្បន្នកំលាំងបានរៀបចំឯកសារដើម្បីបញ្ជូនខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តហើយ. ៕
ព័ត៌មានជាតិ
មតិយោបល់