កំពង់ធំ៖ ព្រៃប្រស់ជារមណីយដ្ឋានធម្មជាតិកែច្នៃដ៏ស្រស់ត្រកាលមួយរបស់ទឹកដីខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃព្រាល ឃុំព្រៃព្រាល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានចម្ងាយប្រមាណ ១៦គ.មពីទីរួមខេត្ត ។ បច្ចុប្បន្ននេះរមណីយដ្ឋានទេសចរណ៍ធម្មជាតិកែច្នៃ “ព្រៃប្រស់” ត្រូវបានគេបង្ហាញឲ្យដឹងថា កំពុងមានការទាក់ទាញភ្ញៀវទេសចរទូទៅគួរឲ្យកត់សំគាល់ ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ដោយបានមើលឃើញពីសក្តានុពលនៃអំណោយផលល្អខាងវិស័យទេសចរណ៍របស់ស្ទឹងព្រៃប្រស់នោះ នៅដើមឆ្នាំ១៩៩២ គណៈកម្មាធិការប្រជាជនខេត្តកំពង់ធំបានចេញសេចក្តីសម្រេចលេខ ៨០សស.គខ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩២ បង្កើតមណ្ឌលទេសចរណ៍នេះឡើង ហើយរហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៥ តំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃដ៏ស្រស់ត្រកាលមួយនេះក៏បានប្រារឰពិធីបើកសម្ពោធឲ្យភ្ញៀវទេសចរទូទៅចូល កំសាន្តជាផ្លូវការរហូតដល់សព្វថ្ងៃ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំរូបនេះបានលើកឡើងថា បើពិនិត្យទៅលើទីតាំងភូមិសាស្ត្រយើងឃើញថា តំបន់រមណីយដ្ឋាននេះមានលក្ខណៈធំល្ហេល្ហេវក្នុងទំហំផ្ទៃដីចាប់ពីមាត់ទឹកប្រហែល ៣០ម៉ែត្រមានបណ្តោយ ៤០០០ម៉ែត្រ និងមានទំហំសរុបទាំងផ្ទៃទឹកប្រមាណ ២០០០០០០ម៉ែត្រការ៉េ ហើយតំបន់នេះក៏សំបូរទៅដោយត្រីដំរីផងដែរ ។
លោក សេង អាន បានបន្តឲ្យដឹងដែរថា ជារៀងរាល់ថ្ងៃឈប់សំរាកចុងសប្តាហ៍ និងថ្ងៃបុណ្យទានប្រពៃណីជាតិផ្សេងៗនោះ តំបន់នេះមានភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋទូទៅមកលេងកំសាន្តយ៉ាងច្រើនកុះករ ហើយបើយើងក្រឡេកចោលក្រសែភ្នែកមើលទៅតាមខ្ចូសលំហែលេងនីមួយៗវិញ គឺពោរពេញទៅដោយមនុស្សម្នាអង្គុយកំសាន្តហូបចុកយ៉ាងមនោរម្យ ហើយមួយចំនួនទៀតចុះទៅងូតទឹកលេងយ៉ាងសប្បាយរីករាយ ។ដោយឡែកខាងមន្ទីរទេសចរណ៍ខេត្តក៏មានរៀបចំទូកសំរាប់ជួលឲ្យភ្ញៀវជិះលេង និងមានប៉េដាឡូសំរាប់ជិះស្ទូចត្រី ហើយក៏មានការរៀបចំនៅលើផ្ទៃទឹកម្ខាងទៀតសំរាប់ឲ្យភ្ញៀវទេសចរមុជកំសាន្ត និងនៅផ្នែកខាងលើមានរៀបចំខ្ចូសសំរាប់បំរើឲ្យការលក់ភេសជ្ជៈ និងចំណីអាហារផ្សេងៗយ៉ាងសំបូរបែបមានតំលៃសមរម្យ ។ចំណែកឯលក្ខណៈទេសភាព និងបរិស្ថាននៅក្នុងបរិវេណ រមណីយដ្ឋានព្រៃប្រស់វិញក៏បានផ្តល់នូវទេសភាពដ៏ត្រកាលប្រកបដោយខ្យល់ត្រជាក់បរិសុទ្ធអាចឲ្យភ្ញៀវទេសចរចូលមកទស្សនាកំសាន្តជាលក្ខណៈក្រុមគ្រួសារបានយ៉ាងសប្បាយរីករាយ ។
ដើម្បីឲ្យវិស័យទេសចរណ៍ក្នុងខេត្តមានសន្ទុះរីកចំរើនបំរើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរបានកាន់តែប្រសើរនោះ លោក សេង អាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា យើងនឹងបន្តធ្វើការអភិវឌ្ឍន៍បង្កើតមុខរបរជូនប្រជាពលរដ្ឋក្នុងតំបន់រួមចំណែកកាត់បន្ថយភាពក្រីក្រ ហើយចាំបាច់យើងត្រូវខិតខំស្វែងយល់កែលំអច្នៃប្រឌិតធ្វើការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានដែលមានស្រាប់នេះឲ្យមានភាពប្រែប្រួលជាលំដាប់ឈានឆ្ពោះទៅរកភាពរីករាយចំរើន ។រមណីយដ្ឋានស្ទឹងព្រៃប្រស់គឺជារមណីយដ្ឋានទេសចរណ៍គំរូទីមួយ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការជុំវិញខេត្តព្រមទាំងប្រជាជនក្នុងមូលដ្ឋានរួមគ្នាខិតខំកសាងឡើងជាជំហាន ដោយប្រើប្រាស់កំលាំង ពលកម្ម សម្ភារ ថវិកាអស់ជាច្រើនតាំងពីឆ្នាំ១៩៩២មក ។
គួរបញ្ជាក់ឲ្យដឹងដែរថា ក្រៅពីរមណីយដ្ឋានព្រៃប្រស់នេះទឹកដីនៃខេត្តកំពង់ធំក៏នៅមានតំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ទាក់ទាញជាច្រើនទៀតមានដូចជា តំបន់ប្រាសាទសំបូរព្រៃគុហ៍ ភ្នំសន្ទុក ប្រាសាទគុហ៍នគរ និងតំបន់ដែនជំរកសត្វតាមមាត់បឹងទន្លេសាបជាដើមផងដែរ ៕
មតិយោបល់