កំពង់ឆ្នាំង៖ ប្រេងម្រះព្រៅជិត២ពាន់លីត្រ ដែលសមត្ថកិច្ចនៅក្នុងស្នងការដ្ឋាននគរបាលខេត្តបង្ក្រាប និងដកហូតពីជនល្មើសបាននៅក្នុងឆ្នាំ២០១១ និងបានរក្សាទុកជាង២ឆ្នាំកន្លងមកនោះ។នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤នេះ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
លោក យឹម សុភាស់ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយអោយដឹងថា៖ប្រេងម្រះព្រៅខាងលើនេះបានរក្សាទុកនៅក្នុងធុងសាំងចំណុះ២២០លីត្រចំនួន១០ធុង ស្មើនឹង១៧០០លីត្រ និង១២៣គីឡូក្រាម ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរក្សាទុករយៈពេលជាង២ឆ្នាំ មកហើយក្រោយពីបង្ក្រាបបានពីជនល្មើស។ប៉ុន្តែនៅពេលប្រគល់ទទួល ចំណុះប្រេងម្រះព្រៅដែលមានចំនួនសរុបខាងលើនេះ និងអាចបាត់បង់មួយចំនួន ព្រោះការរក្សាទុកកន្លងមកគឺមានការជ្រាបលេចចេញខ្លះៗ។
ប្រេងម្រះព្រៅនេះ ត្រូវបានប្រគល់ជូនលោកឧត្តមសេនីយទោ ឌូង ស៊ុនណារា អគ្គនាយកដ្ឋានស្រាវជ្រាវ និងត្រួតពិនិត្យនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលក្នុង នោះក៍មានការអញ្ជើញចូលរួមត្រួតពិនិត្យក្នុងការប្រគល់ទទួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្នងការ ស្នងការរង និងមន្ត្រីការិយាល័យប្រ ឆាំងគ្រឿងញៀនខេត្ត ការប្រគល់ទទួលនេះ ធ្វើតាមមាត្រាលេខ៨៤នៃច្បាប់ត្រួតពិនិត្យ គ្រឿងញៀន។លោក យឹម សុភាស់ បានអោយដឹងទៀតថា៖ប្រេងម្រះព្រៅនេះអាជ្ញាធរជាតិនឹងប្រគល់បន្តទៀតអោយទៅក្រសួងឧស្សាហកម្ម និងក្រសួងសុខាភិបាល ដើម្បីកែច្នៃប្រើប្រាស់ធ្វើជាឳសថប្រើប្រាស់បំរើសេចក្តីត្រូវការរបស់ក្រសួងទាំង២។
លោកស្រី មាស សុម៉ាលី នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាននិយាយ អោយដឹងថា៖ប្រេងម្រះព្រៅទាំងអស់នេះបានដកហូតយកពីបទល្មើស២ករណីគឺ៖ លើកទី ១ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ចាប់និងដកហូតបាន៦០០លីត្រ និង១២៣គីឡូក្រាម,លើកទី២ចាប់និងដកហូតបានចំនួន១១០០លីត្រ នៅថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១១ នៅក្នុង២ករណីនេះ សមត្ថកិច្ចក៍បានដកហូតយករថយន្ត២គ្រឿងផងដែរ។
ប្រេងម្រះព្រៅទាំងអស់នេះត្រូវបានសមត្ថកិច្ចបូមចេញពីធុងសាំងដាក់ចូលពីដុងជ័រ
ចំណុះ៣០លីត្រជាច្រើនពីដុង ដើម្បីដឹកតាមរថយន្តយកទៅកាន់អាជ្ញាធរជាតប្រឆាំង គ្រឿងញៀននៅក្នុងទីក្រុងភ្នំពេញ៕
មតិយោបល់