ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ បើករថយន្តអូឌីស៊េរីទំនើប ១គ្រឿង គេចម៉ូតូជ្រុលទៅបុកចូលសណ្ឋាគារមួយកន្លែង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង២៥នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបើកគេចម៉ូតូ ជ្រុលទៅបុកសណ្ឋាគារ បណ្ដាលឲ្យរងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក អូឌីឃ្យូស្វែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1799 បើកដោយបុរសជនជាតិចិនម្នាក់មិនស្គាល់អត្តសញ្ញាណ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តបង្កម៉ាកខាងលើ ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានបត់ស្ដាំចូលផ្លូវបេតុងជាប់និងអតីតសណ្ឋាគារ តាយ ម៉េង ស្រាប់តែលេចចេញម៉ូតូ ១គ្រឿងបើកចេញមកក្រៅ បង្កឲ្យអ្នកបើករថយន្តបួងចង្កូតគេចជ្រុលទៅបុកសណ្ឋាគារបែកកញ្ចក់ ផើងផ្កា និងរថយន្តរងការខូចខាតយ៉ាងដំណំតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំង ឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តសុខចិត្តជួយចេញថ្លៃខូចខាតទៅខាងសណ្ឋាគារដើម្បីបញ្ចប់រឿង៕

មតិយោបល់