ខេត្តកណ្តាល៖ លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ត និងនគរបាលស្រុកកៀនស្វាយ សហការជាមួយអាជ្ញាធរ ឃុំ ឈើទាលនិងអាជ្ញាធរស្រុកកៀនស្វាយ ព្រមទាំងភាគីដើមបណ្តឹងចុះអនុវត្តដីការក្សាការពារដីទំនាស់ដ៏រ៉ាំរ៉ៃមួយកន្លែង ស្ថិតក្នុងនៅជាប់ទំនប់អភិវឌ្ឍន៍សម្តេច ជា ស៊ីម ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
ផ្ទៃដីទំនាស់ខាងលើនេះមានចំនួនប្រមាណជាង១៤ហិកតា ត្រូវបានម្ចាស់ពិតប្រាកដដែលមានលិខិតផ្ទេរសិទ្ធ ចំនួន១៤ប្លង់ ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីមានឈ្មួញទុចរិតឃុបឃិតគ្នាជាមួយអាជ្ញាធរឃុំ -ស្រុក រៀបចំឯកសារជាប្រព័ន្ធលើកទៅឲ្យក្រុមហ៊ុន ។ ក្រោយមកត្រូវបានសាលាដំបូងខេត្តចេញដីការក្សាការពារលេខ៩៦ចុះថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោកសាយ សម្ផស្សសេរី ចៅក្រមទទួលបន្ទុករឿងក្តីសាលាដំបូងខេត្ត ហើយត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន និងដើមបណ្តឹងចុះអនុវត្ត ដើម្បីកុំឲ្យខាងក្រុមហ៊ុនដែលទិញដីនេះពីឈ្នួញទុចរិតធ្វើការឈូសឆាយកកាយដីមានទំនាស់នេះ ។
សកម្មភាពចុះអនុវត្តដីការក្សាការពារខាងលើនេះដឹកនាំដោយលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានហៅអ្នកមើលការខុសត្រូវផ្នែកគ្រឿងចក្ររបស់ក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពឈូសឆាយ មកធ្វើការណែនាំ និង ចេញបំរាមហាមដាច់ខាតមិនឲ្យយកគ្រឿងចក្រធ្វើសកម្មភាពជីកកកាយលើដីទំនាស់នេះ ។ ប្រសិនបើរឹងទទឹងមិនអនុវត្តតាមការសម្រេចរបស់លោកចៅក្រមសាលាដំបូងខេត្តទេនោះ អ្នកដែលប្រព្រឹតនឹងត្រូវចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ។
ក្នុងពេលចុះអនុវត្តដីការក្សាការពារនេះពុំមានអំពើហិង្សាកើតឡើងនោះទេ ដោយសារតែភាគីចុងបណ្តឹងឈ្មោះ សេក សិទ្ធិ និងប្រពន្ធឈ្មោះ លុយ បុរ៉ាណ មិនបានចូលខ្លួនក្នុងការអនុវត្តនេះទេ គឺធ្វើឡើងដោយភាគីដើមបណ្តឹងប៉ុណ្ណោះ សូម្បីតែលោកស្រីមេឃុំក៍មិនបានមកចូលរួមដែរ ។
តាមប្រភពព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា ដីចំនួនជាង១៤ហិកតាមានលិខិតផ្ទេរសិទ្ធត្រឹមត្រូវ ហើយមានដើមបណ្តឹងឈ្មោះ លឹម សុផា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ គឺបានប្រមូលទិញពីប្រជាពលរដ្ឋសរុបចំនួន១៤ប្លង់ ដែលកិច្ចសន្យាផ្ទេរសិទ្ធទិញតាំងពីឆ្នាំ២០០៥មកម្លេះ ដោយមានការចុះហត្ថលេខាលើកិច្ចសន្យាមាន មេភូមិនិងលោក ប៉ែន វុធ អតីតមេឃុំឈើទាល ហើយក្រោយមកបានទទួលមរណភាព។ ក្រោយពីមេឃុំចាស់ទទយលមរណភាពឈ្មួញរៀបដីលក់ឈ្មោះ សេក សិទ្ធិ បានឃុបឃិតជាមួយនឹងអាជ្ញាធរ ឃុំ ដែលមានលោកស្រី អ៊ុក សឿន ជាមេឃុំទើបឡើងថ្មី និងអាជ្ញាធរស្រុកកៀនស្វាយ រៀបចំឯកសារជាប្រព័ន្ធយកដីចំនួន១៤ប្លង់នេះទៅលក់ឲ្យក្រុមហ៊ុនផ្សេង ក្រោយមកក្រុមហ៊ុនដែលទិញនោះក៍បានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយកាយលើកទំនប់តែត្រូវបែកការណ៍ដឹងដល់ម្ចាស់ដីដើម ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្ត ដោយឲ្យឈ្មោះ លឹម សុផា ជាដើមបណ្តឹងត្រូវបានសាលាដំបូងខេត្ត ចេញដីការក្សាការពារយកមកអនុវត្តនៅពេលនេះក្នុងគោលបំណងទប់ស្កាត់ កុំឲ្យភាគីចុងបណ្តឹងធ្វើសកម្មភាពជីកគាស់កកាយលើដីទំនាស់តទៀតរងចាំដល់សម្រេចអង្គសេចក្តីពីតុលាការ ៕
មតិយោបល់