ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារតែបុរសម្នាក់បែកថ្នាំ ដើរតាមដងផ្លូវ រួចរើសដុំថ្មគប់កញ្ចក់រថយន្ត និងដេញវាយប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ បណ្តាលឱ្យស្ត្រីម្នាក់ រងរបួសបែកភ្នែក ដែលហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពពត៌មានពីសាក្សី ដែលបានឃើញហេតុនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញបុរសម្នាក់ ទំនងជាបែកថ្នាំ បានដើរតាមបណ្តោយផ្លូវលេខ៣៧១ រួចរើសដុំថ្មគប់កញ្ចក់រថយន្ត និងដេញវាយអ្នកធ្វើដំណើរពេញលើដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើល និងចោមរោមមើល ។
ខណៈនោះស្រាប់តែមានម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿងជិះគ្នា២នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីជើងទៅត្បូងមិនដឹងរឿងអ្វីទាល់តែសោះ ក៏ត្រូវយុវជនម្នាក់ដែលកំពុងតែ ដេញវាយគេពេញផ្លូវនោះ ដាក់ត្រូវមួយដៃបណ្តាលឱ្យត្រូវស្ត្រីម្នាក់ដែលអង្គុយពីក្រោយធ្លាក់ពីលើម៉ូតូ រងរបួស ខៀវភ្នែកផ្នែកខាងឆ្វេង ។ ប្រភពបន្តថា ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានមកជួយធ្វើការអន្តរាគមន៍និងឃាត់ជនបង្កហេតុខាងលើ ព្រមទាំងបាននាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងផងដែរ ។សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេលកើតហេតុ ជនបែកថ្នាំម្នាក់នេះ ត្រូវនាំយកទៅឃុំខ្លួននៅបុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុន រីឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ រួចទើបទៅដាក់ពាក្យបណ្តឹងនៅពេលក្រោយ ៕
មតិយោបល់