ព័ត៌មានជាតិ

យុវជន​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់​និង​បាញ់​យុវជន​មួយ​ក្រុម​ទៀត​របួសធ្ងន់​ពីរ​នាក់ ដូច​ក្នុង​ភាពយន្ត​

​យុវជន​មួយ​ក្រុម ជិះ​ម៉ូតូ​ដេញ​កាប់ និង​បាញ់​យុវជន​មួយ​ក្រុម​ទៀត តាម​ដងផ្លូវ​យ៉ាង​អាណាធិបតេយ្បណ្តាលឱ្យ​យុវជន​២​នាក់ រងរបួស​ធ្ងន់ ត្រួវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។
ហេតុការណ៍​នេះ បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ចំណុច​គល់ស្ពាន ព្រះមុនីវង្ស​ថ្មី ត្រើយ​ខាងកើត ស្ថិតនៅ​ក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ។​យុវជន​រងគ្រោះ​ទី​១. ឈ្មោះ ហ៊ុយ វណ្ណ​ធាង អាយុ​២២​ឆ្នាំ ត្រូវ​គេ​បាញ់​ចំ​ចំនួន​៣​គ្រាប់ ដោយ​មួយ​គ្រាប់​ចំ​ដៃ​ខាងឆ្វេង និង​ពីរ​គ្រាប់​ទៀត​ចំ​ភ្លៅ រងរបួស​ធ្ងន់ ចំណែក​ជនរងគ្រោះ​ទី​២.​ឈ្មោះ រស់ សំបូរ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវ​មួយ​គ្រាប់​ចំ​ដៃ​ខាងស្តាំ បណ្តាលឱ្យ​ដួល​ម៉ូតូ​បាក់ដៃ​ស្តាំ​របួសធ្ងន់​តែ​ម្តង ។​

​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​យុវជន​ពី​ក្រុម​ជិះ​ម៉ូតូ​ដេញ​គ្នា​តាំង​ពី​សង្កាត់ ចាក់អង្រែ​ក្រោម តាម​ផ្លូវជាតិ​លេខ​២ ឆ្ពោះទៅ​កាន់​ផ្លូវ​ជាតិ​លេខ​១ ដោយ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ខណៈ​មក​ដល់​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ត្រើយ​ខាងកើត គេ​ឃើញ​ភាគី​ក្រុមយុវជន​ដែល​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​បាន​ដក​កាំភ្លើង បាញ់​ភាគី​ក្រុម​យុវជន​មួយ​ក្រុម​ទៀត បណ្តាលឱ្យ​របួសធ្ងន់​ពីរ​នាក់ ដោយ​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​បី​គ្រាប់ និង​ម្នាក់​ទៀត​ត្រូវ​មួយ​គ្រាប់ ។​

​ទាក់ទិន​និង​ហេតុការណ៍​នេះ សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋានថា ជា​ករណី​គំនុំ ឬ​ក៍​ជា​ករណី​បាញ់​ប្លន់​នោះទេ ។ ចំណែកឯ​ក្រុម​គ្រួសារ​ជនរងគ្រោះ បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ផងដែរ ។​ក្រោយពេល​កើតហេតុ ក្រុមយុវជន​បង្ក បាន​ជិះ​ម៉ូតូ​គេចខ្លួន​អស់ ចំណែក​យុវជន​រងគ្រោះ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ៕​
Shoot1

មតិយោបល់