សមត្ថកិច្ចនគរបាល ឃុំកណ្តៀងរាយ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងតែធ្វើសកម្មភាព លួចដឹកក្របី របស់ប្រជាពលរដ្ឋ ចងនៅវាលស្រែខាងក្រោយផ្ទះ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតទ្បើងនៅវាលស្រែក្នុងបឹងថ្នា ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា មានជនសង្ស័យម្នាក់ កំពុងតែលួចដឹកក្របី របស់ប្រជាពលរដ្ឋ នៅឯវាលស្រែ ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យម្នាក់ កំពុងតែដឹកក្របីជាប់និងដៃ ឃើញដូចនោះសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ មកនគរបាលប៉ុស្តិ៍ឃុំកណ្តៀង ដើម្បីធ្វើការសួរនាំ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឆោម វុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ រស់នៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ។ រីឯម្ចាស់ក្របីមានឈ្មោះ ទ្បោ ឆាន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ជនសង្ស័យក៏បានសារភាព នៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានលួចក្របីនេះពិតមែន ។ នៅពេលដែលលួចបានហើយ គឺមានឈ្មួញឈ្មោះ នី នៅចាំទិញតែម្តង់ ដោយឲ្យក្របីមួយក្បាល ចំនួន១០ម៉ឺនរៀល ហើយឈ្មោះ នី នេះ មិនដឹងរស់នៅទីណានោះទេ ។
ក្រោយសួរនាំរួច សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្ត ទៅតាមផ្លូវច្បាប់ ៕
ព័ត៌មានជាតិ
មតិយោបល់