ខេត្តព្រះវិហារ៖តាមសេចក្ដីរាយការណ៍បានអោយដឹងថាសព្វថ្ងៃនេះខេត្តព្រះវិហារនៅតែមានកំលាំងពលករខ្មែរចូលទឹកដីថៃស៊ីឈ្នួលកាប់ឈើគ្រញូងខុសច្បាប់តាមច្រកព្រំដែនបុស្បូវជាំតែច្រកអានសេះអូរចាក់ច្រែងនិងច្រកមុំ៣ហើយជញ្ជូនចូលទឹកដីកម្ពុជាវិញដើម្បីទុកលក់អោយថៅកែគ្រញូងទុច្ចរិតដែលរង់ចាំទិញនៅតាមច្រកព្រំដែនទាំងនោះ។
ប្រភពព័ត៌មានពីភ្នាក់ងារបានអោយដឹងថាចរាចរដឹកជញ្ជូនឈើគ្រញូងនៅតែមានជាហូរហែរឆ្ពោះទៅកាន់ខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦២និងទៅខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ៩ដោយឈ្មួញធំៗសុទ្ធតែសមត្ថកិច្ចប៉េអឹមក្រុងនិងខេត្តព្រះវិហារតែម្ដងដោយមានថៅកែគ្រញូងឈ្មោះ ហ៊ីម ជាសមត្ថកិច្ចប៉េអឹមមកពីខេត្តកំពង់ធំរីឯជំនាញមេព្រៃមិនហ៊ានចាប់បង្ក្រាបនោះទ្បើយ។
មន្ដ្រីផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ដបានអោយដឹងថាសព្វថ្ងៃនៅតែមានជនខិលខូចដឹកជញ្ជូនគ្រញូងចេញពីច្រកព្រំដែនខាងលើតាមរថយន្ដស៊េរីទំនើបដែលភាគច្រើនសុទ្ធតែជារថយន្ដដាក់ទ្បូហ្កូជាប់កញ្ចក់រថយន្ដជាទាហាននិងប៉េអឹមហើយយកឯកសណ្ឋានសំញែងដាក់កៅអីរថយន្ដចាប់ពីថ្នាក់ឧត្តមសេនីយត្រីទ្បើងទៅដែលបង្កអោយមានការលំបាកក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។រថយន្ដស៊េរីទំនើបទាំងនោះមានច្រើនគ្រឿងនិងខ្លះមានស៊េរីពណ៌ដូចគ្នាទៀត។
លោកប៉ូចសុខជាមន្ដ្រីយោធាការិយាល័យទី២អគ្គបញ្ជាការដ្ឋានជើងគោកកំពុងឈរជើងនៅជិតច្រកទ្វារអានសេះធ្លាប់បានបំភ្លឺប្រាប់អ្នកសារព័ត៌មានថាឈើគ្រញូងនៅតែមាននាំចូលមកកាន់ទឹកដីកម្ពុជាតាមច្រករបៀងក្បែរច្រកអានសេះប៉ុន្ដែមានកំរិតតិចតួចប៉ុណ្ណោះមិនសំបូរដូចឆ្នាំមុនៗនោះទេ។គាត់ឈប់មានការពាក់ព័ន្ធក្នុងការប្រមូលឈើគ្រញូងយូរមកហើយនៅតំបន់នោះ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលសិ្នទ្ធស្នាលជាមួយអ្នកសារព័ត៌មានបានអោយដឹងថាឈើគ្រញូងសព្វថ្ងៃដឹកជញ្ជូនចេញតាម២ច្រកគឺទី១ឆ្ពោះទៅកាន់ខេត្តកំពង់ធំនិងទី២ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងដែលគេស្គាល់ថាឈ្មួញឈើប្រមាណ៥នាក់សុទ្ធតែជាសមត្ថកិច្ចប៉េអឹមក្រុងនិងខេត្តព្រះវិហារនិងមានអាវុធវែងខ្លីប្រើប្រាស់ការពារមុខរបរទំនិញឈើគ្រញូងគេចពន្ធថែមទៀតផង។ក្នុងនោះក៍មានឈ្មួញគ្រញូងដុះស្លែម្នាក់ជាប៉េអឹមផ្ទៃប្រទេសប្រចាំការនៅតំបន់ស្រអែមសម្ងំរកស៊ីទិញលក់ឈើគ្រញូងយ៉ាងសុខសាន្ត។
ប្រភពដដែលបានអះអាងអោយដឹងទៀតថាឈើគ្រញូងទាំងនោះថៅកែគ្រញូងទុច្ចរិតប្រមូលទិញពីច្រកព្រំដែនអូរចាក់ច្រែង,បុស្បូវជាំតែ,ច្រកអានសេះនិងច្រកមុំ៣រួចហើយដឹកជញ្ជូនយកមកស្តុកទុកក្នុងបន្ទាយទាហានដ៍មានអំណាចឬហៅថារូងខ្លាដោយមានភាគហ៊ុនរកស៊ីរួមគ្នាជាមួយមន្ដ្រីទាហានជាន់ខ្ពស់ថែមទៀតផងដែលបច្ចុប្បន្នពួកគេមួយក្តាប់តូចនេះបានទ្បើងកូដខ្លាំងក្លាយជាសេដ្ឋីអស់ទៅហើយ៕
មតិយោបល់