ខេត្តពោធិសាត់៖ កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជា ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ដកខ្លួនចេញអោយឆ្ងាយ ពីបទល្មើសព្រៃឈើ តែផ្ទុយទៅវិញ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា ក្នុងកងពលតូចអន្តរាគមន៍លេខ១៤ មានមន្ត្រីយោធា ម្នាក់ឈ្មោះ គីម ជាមន្ត្រីយោធា ដែលល្បីឈ្មោះអាងខ្លួនជាយោធា រកស៊ីបទល្មើសដឹកជញ្ជូនឈើ យ៉ាងអាណាធិបតេយ្យ គ្មានខ្លាចញញើតច្បាប់បន្តិចសោះ ។
ប្រជាពលរដ្ឋ រស់នៅម្តុំស្ពានមល់ ភូមិសេកបូរី ឃុំសទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ បានបន្តថា ឈើទាំងអស់នោះ គេដឹកចេញពីតំបន់រាំងខ្វាវ ភ្នំក្រមុំបន់ និងចំណុចអំពិល ដែលឈ្មួញកណ្តាល ទិញពីអ្នកប្រព្រឹត្តកាប់បំផ្លាញព្រៃឈើ ដែលជាព្រៃឈើរបស់រដ្ឋហាមឃាត់ ។ ប្រជាពលរដ្ឋបានបន្ត អោយដឹងទៀតថា មន្ត្រីយោធាខ្លះ ដាក់ម៉ាស៊ីនរ៉ៃធំៗ ចូលហ៊ុនជាមួយឈ្មួញរកស៊ីឈើ អារលាន់លឺរំពងពេញព្រៃ នៅចំណុចខាងលើ និងអារឈើគ្រប់ប្រភេទ ដឹកជញ្ជូនតាមរទេះក្របី និងតាមគោយន្តកន្ត្រៃ យកមកដាក់ម្តុំស្ពានមល់ ដើម្បីអោយលោក គីម ដែលជាមន្ត្រីយោធា ចំណុះកងពលតូចអន្តរាគមន៍លេខ១៤ ដឹកបន្តយកមកដាក់តាមដេប៉ូឈើ ក្នុងទឹកដីខេត្តពោធិសាត់ ។
សូមបញ្ជាក់ផងដែរថា ជុំវិញករណីដែលលោក គីម ជាមន្ត្រីយោធា រកស៊ីបទល្មើសព្រៃឈើ ជាមួយឈ្មួញដុះស្លែខាងលើនេះ គេមិនដែលឃើញមានមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ឃុំឈើតុំ ស្រុកក្រគរនិងស្រុកក្រវ៉ាញ ចុះបង្ក្រាបម្តងណាឡើយ ព្រោះមន្ត្រីទាំងពីរផ្នែកនេះឃុបឃិតគ្នា ។ ចំពោះការបង្ក្រាបវិញ គេសង្កេតឃើញបង្ក្រាបម្តងម្កាលដែរ ចំពោះអ្នករកស៊ីដឹកឈើណា មិនបង់លុយអោយគេ ហើយយកទៅធ្វើការពិន័យ ចំណែកប្រជាពលរដ្ឋឡើងទៅកាប់ឈើមូល និងឈើគ្រប់ប្រភេទវិញ មួយគោយន្តកន្ត្រៃ ត្រូវបង់លុយអោយមន្ត្រីមេព្រៃ និងមន្ត្រីបរិស្ថាន ក្នុង១គោយន្ត ពី៨ម៉ឺនទៅ១០ម៉ឺនរៀល ទើបអាចឡើងទៅកាប់ឈើបាន ចំណែកឯឈើរបស់មន្ត្រីយោធាឈ្មោះ គីម គេត្រូវបង់ខែអោយពួកមន្ត្រីអស់ទាំងនោះ ទើបអាចដំណើរការទៅបាន ៕
មតិយោបល់