ព័ត៌មានជាតិ

កូនស្រី​អ្នកបើក​យន្តហោះ QZ8501 អង្វរ​ឲ្យ​ឪពុក​វិលត្រឡប់​មក​ផ្ទះ​វិញ​

​រឿង​ដ៏​ធំ​បំផុត​ចុង​ក្រោយ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​គឺ ការ​បាត់​ខ្លួន​យន្តហោះ QZ8501 ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​សារជាថ្មី​ម្តងទៀត បន្ទាប់​ពី MH370 មិន​ទាន់​រក​ឃើញ​នៅឡើយ​នោះ ។​
​នាង Anggi Ranastianis Angela អាយុ ២២ ឆ្នាំ ដែល​ត្រូវជា​កូនស្រី លោក Iriyanto អ្នកបើក​យន្តហោះ QZ8501 ដែល​បាន​បាត់​ខ្លួន ហើយ​កាលពី​ម្សិលមិញ​នេះ​នាង​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា “​លោកប៉ា​មក​ផ្ទះ​វិញ អ្នក​ជា​ឪពុក​ដ៏​ចាំបាច់ ត្រឡប់​មក​រក​ខ្ញុំ​វិញ​មក ប៉ា​ប៉ា​ដាច់ខាត​ត្រូវតែ​មក​វិញ​” ។
​យោង​តាម​សារព័ត៌មាន Guardian បាន​ចុះផ្សាយ​ថា អ្នកបើក​យន្តហោះ​ខាងលើ នៅ​មាន​កូនស្រី​ម្នាក់​ទៀត អាយុ ៧ ឆ្នាំ ឈ្មោះ Arya Galih Gegana ។​
​ប្រភព​ខាងលើ​បាន​បន្តថា ក្មេងស្រី​ទាំង​ពីរ​នាក់​នេះ រស់នៅ​ខេត្ត Yogyakarta ជា​កូនស្រី​លោក Iriyanto អ្នកបើក​យន្ត QZ8501 ឲ្យ ក្រុមហ៊ុន AirAsia ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ។ ជាងនេះទៅទៀត ប្រពន្ធ​របស់ លោក Iriyanto នាង Ida បាន​ចាក់សោរ​ឃុំ​ខ្លួនឯង ក្នុង​បន្ទប់ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន យន្តហោះ​ដែល​ប្តី​បើក​នោះ បាត់​ខ្លួន ។​

​ក្មួយ​ស្រី របស់​អ្នកបើកបរ​ខាងលើ បាន​ប្រាប់​សារព័ត៌មាន Detik.com ថា លោកពូ Iriyanto គាត់​ជា​មនុស្ស​ល្អ និង​យកចិត្តទុកដាក់​លើ​ការងារ​ខ្លាំងណាស់ រួម​ទាំង​សាច់ញាតិ​ផងដែរ ហើយក៏​មិន​បដិសេធ ជួយ​នរណាម្នាក់ នៅពេលដែល​ពួកគេ​ត្រូវការ ជាពិសេស​ប្រាក់​កាក់​តែម្តង​។​
​តាម​របាយការណ៍ ពី AirAsia បានបញ្ជាក់​ថា លោក Iriyanto ដែល​ជា​អតីត​អ្នកបើក​យន្ត​ចម្បាំង Air Force F16 របស់​ឥណ្ឌូនេស៊ី​មាន​បទពិសោធន៍ បើកបរ ២០៥៣៧ ម៉ោង ហើយក៏​ជា​សមាជិក​ក្លិប​ម៉ូតូ Besar ផងដែរ​។​
​ម្សិលមិញ​នេះដែរ QZ8501 ជា​ឈ្មោះ​យន្តហោះ ក្រុមហ៊ុន AirAsia បាន​បាត់​ខ្លួន​ពី​ប្រព័ន្ធ​តាមដាន ដែល​ធ្វើដំណើរ​ពី ឥណ្ឌូនេស៊ី ទៅ សឹង្ហ​បុរី ដែល​មាន​អ្នកដំណើរ ១៥៥ នាក់ និង សហ​នាវិក ៧ នាក់ ។ មុន​យន្តហោះ​នេះ​បាត់​ខ្លួន អ្នកបើកបរ​ខាងលើ​បាន​ប្រកាស​ពី​អាកាសធាតុ​ត្រជាក់ និង​អាក្រក់ ជូន​ដល់​ស្ថានីយ៍ ៕
4-7098-1419822769

មតិយោបល់