តារាចម្រៀង Jaycee Chan កូនប្រុសរបស់កំពូលតារាសម្ដែងកុងហ្វូ ឈិន ឡុង (Jackie Chan) បានសរសេរសំបុត្ររៀបរាប់ពីទុក្ខសោក និងត្អូញត្អែរការមិនយកចិត្តទុកដាក់របស់ឪពុកខ្លួនតាំងពីកុមារភាព។
Jaycee Chan បានសរសេរនៅក្នុងសំបុត្រថា តាំងពីតូចដល់ធំគឺស្រឡាញ់ម្ដាយច្រើនជាងឪពុក ព្រោះថាឪពុករបស់ខ្លួនជាមនុស្សរវល់ច្រើន ដូច្នេះធ្វើឲ្យគេ និងឪពុកពុំសូវមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ហើយបើទោះបីជាកាលពីថ្ងៃទី០៩ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ ពុំឃើញវត្តមានឪពុកម្ដាយនៅក្នុងតុលាការក្ដី ប៉ុន្តែគេដឹងថា ពួកគាត់ទាំងពីរនាក់ បានព្យាយាមរកវិធីសាស្ត្រដើម្បីឲ្យគេឆាប់ចេញពីគុក។
Jaycee បាននិយាយថា គេប្រើថ្នាំញៀន នៅពេលដែលគេពិបាកចិត្ត ប៉ុន្តែគេបានសន្យាថា នឹងមិនធ្វើឲ្យមានកំហុសឆ្គងម្ដងទៀតឡើយ។ Jaycee បានធ្វើខួបកំណើតគម្រប់អាយុ ៣២ឆ្នាំនៅក្នុងគុក ដោយពុំមានវត្តមានឪពុកម្ដាយ ប៉ុន្តែមេធាវីគេបាននិយាយថា ឪពុកម្ដាយរបស់គេបានផ្ញើពាក្យជូនពរនៅថ្ងៃខួបកំណើត។ នៅក្នុងអំឡុងពេលចាប់ដាក់គុក Jaycee បានអានសៀវភៅជាង ១០០ក្បាល់ និងសរសេរបទចម្រៀងបានមួយចំនួនផងដែរ។
យោងតាមការកាត់ទោសរបស់តុលាការ Jaycee ត្រូវជាប់គុក ៦ខែ និងពិន័យជាប្រាក់ ៣២២ដុល្លារអាមេរិក ពីបទប្រើប្រាស់គ្រឿងញៀន ហើយបើសិនជាគិតចាប់តាំងពីចាប់ខ្លួន កាលពីខែសីហាមក Jaycee អាចនឹងចេញពីគុកនៅខែកុម្ភៈ ពោលគឺមុនថ្ងៃបុណ្យនៃក្ដីស្រឡាញ់។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០១៤ មិនមែនមានតែ Jaycee ដែលត្រូវចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀននោះ គឺមានតារាចម្រៀងប្រុស លោក Li Daimo, អ្នកដឹកនាំរឿងលោក Zhang Yuan, តារាសម្ដែងប្រុស លោក Gao Hu, Zhang Mo, Roy Cheung, អ្នកសរសេរសាច់រឿង Ning Caishen, ពិធីករលោក Wang Jing និងកំពូលតារាចម្រៀងចិន Yin Xiangjie៕
មតិយោបល់