ព័ត៌មានជាតិ

លែងលះមិនទាន់ដាច់ផង ប្តីមានថ្មី ប្រពន្ធតាមទាន់ផ្អើលទាំងព្រឹក

ភ្នំពេញៈ កាលពីវេលាម៉ោង ៦និង៣៥នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ មានករណីប្រពន្ធដើមតាមទាន់ប្ដី មានស្រីថ្មី ខណៈមិនទាន់លែងលះគ្នាដាច់ស្រេចផង បង្កឲ្យមានការភ្ញាក់ផ្អើល នៅបន្ទប់ជួលលេខ១៥ ជាន់ទី១ ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កន្លងមកប្រពន្ធដើម តែងតែតាមរកប្ដីគ្រប់ទីកន្លែង រហូតទីបំផុតក៏បានរកឃើញ ប្ដីកំពុងសម្ងំដេកសោយសុខ ជាមួយស្រីថ្មីម្នាក់ ក្នុងបន្ទប់ជួល រួចក៏យកខ្សែចងទ្វារពីខាងក្រៅជាប់ បន្ទាប់មកបានទៅដាក់ប្ដឹងនគរបាល និងអាជ្ញាធរសង្កាត់ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍តែម្តង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាប្តីឈ្មោះ យ.រ អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល មានស្រុកកំណើត នៅក្នុងភូមិចុងព្រៃ ឃុំជ្រៃស្រុករមាសហែក ខេត្តស្វាយរៀង និងស្នាក់នៅផ្ទះជួលខាងលើជាង២ខែមកហើយ រីឯនារីជាប្រពន្ធដើមឈ្មោះ ប.ច.ន អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិចុងព្រៃជាមួយគ្នាដែរ។

ចំណែកនាងដែលជាស្រីថ្មីអាយុ៣៥ឆ្នាំ មុខរបរកម្មការនីរោងចក្រកាត់ដេរ មានស្រុកកំណើត នៅភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប សព្វថ្ងៃស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុ។

ប្រភពពីស្ត្រីជាប្រពន្ធដើម បានប្រាប់ឲ្យដឹងថា នាង និងប្ដីបានរៀបការត្រឹមត្រូវ តាមច្បាប់អស់រយៈពេល១២ ឆ្នាំកន្លងមកហើយ និងមានចំណងដៃកូនប្រុសម្នាក់អាយុ១១ឆ្នាំ និងកូនស្រីម្នាក់ទៀត អាយុ៦ឆ្នាំ។ មួយរយៈចុងក្រោយនេះ ក្នុងគ្រួសារតែងតែមានភាពរកាំរកូស រស់នៅហាក់មិនចុះសម្រុងនឹងគ្នាសោះ និងមានទំនាស់កើតឡើងជាញឹកញាប់។ រហូតឈានដល់ការលែងលះគ្នា តែនៅមិនទាន់លែងដាច់ស្រេច នៅឡើយទេ។

បន្ទាប់ពីមានទំនាស់គ្នា កើតឡើងប្ដីរបស់គាត់ បានចាកចេញពីផ្ទះបាត់ស្រមោល អស់រយៈពេល២ខែ មកហើយ គាត់ខំតាមរកគ្រប់ទីកន្លែង រហូតដល់វេលាព្រឹកថ្ងៃទី១៨ ខែមិថុនានេះ ទើបឃើញកំពុងដេក នៅក្នុងបន្ទប់ជួលខាងលើ ជាមួយស្រីថ្មី។

ដោយឃើញដូច្នេះ ក៏បានយកខ្សែចងទ្វារពីខាងក្រៅ រួចបានទៅប្ដឹងនគរបាល និងអាជ្ញាធរសង្កាត់ចោមចៅទី ៣ ឲ្យជួយអន្តរាគមន៍តែម្ដង ដើម្បីហៅប្ដី និងស្រីក្រោយទៅធ្វើការដោះស្រាយគ្នា។

ដោយទ្បែកបុរសជាប្ដី បានប្រាប់ឲ្យនគរបាលឲ្យដឹងថា គាត់ និងប្រពន្ធ បានទាន់លែងលះគ្នាដាច់ស្រេចទេ តែដោយសារមិនអាចរស់នៅជាមួយគ្នាតទៅទៀត ទើបគាត់សម្រេចចិត្តចាកចេញពីផ្ទះ ហើយមកសាងស្នេហ៍ ថ្មី អស់រយៈពេលជាង២ខែមកហើយ។ ម្យ៉ាងទៀតគាត់ មិនបានលួចលាក់មានស្រីថ្មីអីទេ គឺនារីក្រោយនេះ គាត់យកមកធ្វើជាប្រពន្ធរបស់គាត់តែម្ដង។

រីឯនាងក្រោយ បាននិយាយថា នាងគឺជាស្រីមេម៉ាយ បានសុខចិត្តយកបុរសខាងលើជាប្ដី និងមិន បានលួចប្ដីគេទេ ព្រោះនៅពេលបានស្គាល់គ្នា ឈានដល់ការទំនាក់ទំនងស្នេហានេះ បុរសខាងលើ បានប្រាប់នាងថា ជាបុរសពោះម៉ាយ ទើបនាងព្រមយកធ្វើជាប្ដី។

ក្រោយកើតហេតុលោកចៅសង្កាត់ចោមចៅទី៣ បានហៅភាគីទាំង៣ ទៅកាន់សាលាសង្កាត់ ធ្វើការសម្របសម្រួលគ្នា ដោយខាងប្រពន្ធដើម ទាមទារអាហារកិច្ច ដើម្បីចិញ្ចឹមកូនក្នុង១ខែ៣០ម៉ឺនរៀល ភ្លាមៗនោះបុរសជាប្ដីរួមជាមួយប្រពន្ធក្រោយ បានយល់ព្រមជូនតាមសំណើ រួចក៏ធ្វើកិច្ចសន្យាបញ្ចប់រឿង ហើយបែកផ្លូវទៅផ្ទះរៀងៗខ្លួន៕

មតិយោបល់