បាត់ដំបង៖ មានទំនិញជាច្រើនដែលបាននាំចូលតាមច្រកតំបន់ភ្នំដី ពីក្នុងទឹកដីថៃចូលមកកម្ពុជា ត្រង់ចំនុចភូមិគីឡូ 13 ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលក្នុងទំនិញទាំងនោះ មានសំភារ: និងរូបព្រះបដិមាករមួយចំនួនត្រូវបានសមត្ថកិច្ចក្នុងអង្គភាពវរ:ព្រំដែនលេខ 817 សហការជាមួយកំលាំងសាខាគយប្រចាំច្រកតំបន់បានឃាត់ទុកកាលពីថ្ងៃទី 19-1-15 វេលា ម៉ោង 8:20 នាទីព្រឹក ដោយសារតែព្រះបដិមាករទាំងនោះបានកសាងឡើងតាមរចនាបថចិន សុទ្ធសាធដែលបាននាំឆ្លងដែនដោយគ្មានការអនុញ្ញាតិ ។ យោងតាមប្រភពដែលឈរជើងនៅក្នុងច្រកតំបន់នោះបានអោយដឹងថា នៅព្រឹកថ្ងៃ កើតហេតុគឺមានរទេះមួយបានដឹកទំនិញមួយចំនួនឆ្លងដែនពីដីថៃចូលមកកម្ពុជាតាមច្រកតំបន់ភ្នំដីក្នុងស្រុកសំពៅលូន ។ ដោយសារតែសង្គេតឃើញថាទំនិញនៅលើរទេះនោះមានភាពច្រង៉េងច្រង៉ាង ខុសប្លែកពីធម្មតាទើបកំលាំងប៉ុស្តិ៍គឺឡូ 13 របស់វរ:ព្រំដែនគោកលេខ 817 បានធ្វើការឃាត់ដើម្បី សុំត្រួតពិនិត្យ ប៉ុន្តែនៅពេលដែលបើកសំភារ:វេចខ្ចប់ចេញស្រាប់តែឃើញទំនិញទាំងនោះបែរជា មានដៃមានជើងទៅវិញទើបសុំទៅកំលាំងសាខាគយដើម្បីសហការ ទីបំផុតទើបដឹងថាទំនិញមួយចំនួនគឺជាព្រះបដិមាករដែលផលិតឡើងអំពីឈើច័ន្ទគិរីទាំងអស់ ប៉ុន្តែខុសត្រង់ថាការរចនាបថ គឺយកតាមបែបចិនទាំងអស់ ដូច្នេះវាជាទំនិញមួយដែលខុសច្បាប់ទាំងស្រុង ។
ក្រោយពេលដែលសមត្ថកិច្ចចំរុះធ្វើការឆែកឆេរទៅលើទំនិញទាំងអស់ដែលជារបស់ឈ្មោះ សន ផាន់ណា ភេទប្រុស អាយុ 35 ឆ្នាំ រស់នៅភូមិអូរតាគាំ 2 សង្កាត់ទួលតាឯក ក្រុងបាត់ដំបងនឹងមានមុខរបរជាជាងចំលាក់គឺប្រទះឃើញមាន សាឡុង កៅអី ជើងពាន ផ្តិល និងព្រះបដិមាករមួយចំនួន សរុបមានចំនួន 79 ដុំ ហើយត្រូវបានផលិតឡើងនៅក្នុងប្រទេសថៃអំពីដើមច័ន្ទគិរីទាំងអស់ដោយខុសប្លែកត្រង់ថារចនាបថដែលគេផលិតឡើងគឺតាមបែបចិនដើម្បីនាំចូលទៅកាន់ទីផ្សារកម្ពុជា។លោកកែ ឌឿន មេប៉ុស្តិ៍គីឡូ 13 នៃអង្គភាពវរ:ព្រំដែនលេខ 817 និងជាអនុប្រធានច្រក តំបន់បានលើកឡើងថា បើជាប្រភេទតុ កៅអី ហង់តេ ជាដើមគឺពុំមានខុសច្បាប់អ្វីឡើយដែលគេអាចនាំឆ្លងដែនចូលមកកម្ពុជាបានព្រោះវាជាប្រភេទឈើច័ន្ទគិរី ព្រោះកន្លងមកទំនិញទាំងនេះក៏ធ្លាប់បាននាំចូលមកជារឿយៗដែរ ប៉ុន្តែលើកនេះក៏ស្រាប់តែមានបន្លំលួចនាំព្រះបដិមាករចូលមកជាមួយដែលខុសច្បាប់ទាំងស្រុងទៅនឹងច្បាប់រដ្ឋព្រោះមិនមែនជារចនាបថខ្មែរ ដោយបច្ចប្បន្នទំនិញ ខុសច្បាប់ទាំងនេះត្រូវបាននាំយកទៅរក្សាទុកនៅក្នុងសាខាគយប្រចាំច្រកតំបន់ហើយរង់ចាំ ដោះស្រាយទៅតាមផ្លូវច្បាប់ ។ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះដែរក៏មានប្រភពមួយចំនួនបានលើកឡើងថា នេះទំនងជាមានការបែងចែកលាភសក្ការ:មិនត្រូវគ្នា ឬក៏អាចម្ចាស់ទំនិញមានគំនិតចង់ស៊ីដាច់ផងទើបមានការចាប់ទំនិញទាំងនេះទុកជាបណ្តោះអាសន្ន ព្រោះព័ត៌មាននេះទើបនឹងបែកធ្លាយនៅពេលថ្មីៗនេះដែរ ៕
ព័ត៌មានជាតិ
មតិយោបល់