ព័ត៌មានជាតិ

មេបញ្ជាការកងពលតូចថ្មើជើងលេខ៥៣ ដាក់បទបញ្ជាដល់កងកម្លាំងជួរមុខពង្រឹងការសហការស៊ើបអង្កេតផ្ទះសំណាក់តាមព្រំដែន ខណៈនៅមានពលករនៅតែព្យាយាមលួចឆ្លងដែន

ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើជើងលេខ៥៣ ចេញបញ្ជាតឹងរឹងដល់កងកម្លាំងជួរមុខត្រូវពង្រឹងកំលាំងល្បាតទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ស៊ើបអង្កេតស្រាវជ្រាវម៉ត់ចត់តាមផ្ទះជាប់មាត់អូរ ផ្ទះសំណាក់ ក្នុងភូមិសាស្រ្តតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដេីម្បីវែករកមុខមេខ្យល់អោយឃេីញចាប់ខ្លួនបញ្ជូនទៅសមត្ថកិច្ចអនុវត្តន៍តាមនិតិវិធីច្បាប់។ លោកចេញបញ្ជាដូចនេះ ដោយហេតុថា ពលករដែលធ្វើដំណើរមកពីតាមបណ្តាខេត្តឆ្ងាយៗបម្រុងឆ្លងដែនទៅប្រទេសថៃ តែងតែស្នាក់នៅតាមផ្ទះមេខ្យល់តាមមាត់អូរនិងផ្ទះសំណាក់ ក្នុងភូមិ ហើយរងចាំឱកាសលួចឆ្លងដែនចេញតែម្តង។
លោកបន្តថា បើតាមការរាយការណ៍នេះ គឺត្រូវបានរៀបចំផែនការដោយពួកមេខ្យល់ ពួកគេតែងតែរិះរកគ្រប់វិធីគ្រប់បែបយ៉ាង ដើម្បីនាំពលករលួចឆ្លងដែន នៅពេលណាកម្លាំងយើងមានការធ្វេសប្រហែស ។
លោកមេបញ្ជាការកងពលបានបន្ថែមទៀតថា ដូច្នេះកងកម្លាំងមិនត្រឹមតែដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន២៤ម៉ោងលើ២៤ម៉ោងប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវបែងចែកកម្លាំងសម្ងាត់ ការិយាល័យទី២កងពលមួយផ្នែកទៀត ស៊ើបអង្កេតការងារនេះ។
ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក៏បានចេញបទបញ្ជាទៅកម្លាំងផ្ទៃក្នុង ដែលសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងផងដែរថា ត្រូវសហការត្រួតពិនិត្យម៉ត់ចត់រាល់ឯកសារអ្នកធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យ ប្រសិនបើអ្នកធ្វើដំណើរគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវរាយការណ៍ជូនសមត្ថកិច្ចភ្លាម។
សូមបញ្ជាក់ថា រយ:កាលកន្លងមក ទោះបីមានការរឹតបន្តឹងសន្តិសុខព្រំដែនខ្លាំង ក៏នៅមានការមកឆកល្វែងពលករលួចឆ្លងបានខ្លះ ដោយសារមូលហេតុភូមិសាស្ត្រខ្លះមានព្រៃដុះទ្រុបទ្រុល និងដោយសារជារដូវវស្សាភ្លៀងធ្លាក់បង្អុរខ្លាំងពិបាកក្នុងការដើរល្បាត៕

មតិយោបល់