ក្នុងនាមជាសហគ្រិនជោគជ័យវ័យក្មេង លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook បានជម្នះ និងតស៊ូយ៉ាងខ្លាំងទម្រាំក្លាយខ្លួនជាកំពូលមហាសេដ្ឋី និងជាអ្នកជោគជ័យដ៏អស្ចារ្យ។ ជារឿយៗ លោក Mark Zuckerberg តែងតែផ្ដល់នូវគំនិតល្អៗជាច្រើនដល់មនុស្សគ្រប់គ្នា តាមរយៈមធ្យោបាយផ្សេងៗជាពិសេសគឺបទពិសោធន៍ផ្ដល់ខ្លួនរបស់លោកផ្ទាល់តែម្ដង។
ខាងក្រោមនេះគឺជាដំបូន្មាន ៥យ៉ាង សម្រាប់សហគ្រិនទាំងអស់ ដែលចង់ក្លាយជាមនុស្សជោគជ័យ៖
០១) ចំណង់ចំណូលចិត្ត
ពាក្យថា «ចំណង់ចំណូលចិត្ត» មិនមែនទើបតែឮជាលើកទី១នោះទេ ព្រោះសហគ្រិនជោគជ័យភាគច្រើនតែងតែលើកយកចំណុចនេះមកធ្វើជាបទពិសោធន៍ដូចៗគ្នា។ លោក Mark Zuckerberg បាននិយាយថា លោកចង់ឲ្យមនុស្សទូទាំងពិភពលោកផ្សាភ្ជាប់ទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និងចង់ឲ្យពិភពលោកកាន់តែបើកទូលំទូលាយ នោះជាភាពងប់ងល់បំផុត ដែលក្នុងមួយជីវិតរបស់នាយកប្រតិបត្តិ Facebook រូបនេះ តែងតែចង់បាន និងធ្វើវារហូតមក។ នៅក្នុងសេចក្ដីថ្លែងការមួយ លោក Mark Zuckerberg បាននិយាយថា គោលដៅរបស់ Facebook គឺចង់ផ្ដល់អំណាចដល់មនុស្សទាំងអស់ក្នុងការចែករំលែក និងបង្កើតពិភពលោកសម្រាប់មនុស្សគ្រប់គ្នា។ លោកក៏បានព្រមានដល់សហគ្រិនទាំងអស់ផងដែរថា ប្រសិនបើមានមនុស្សណាម្នាក់ បានធ្វើវាហើយ តែបរាជ័យ នោះវាគឺជាបទពិសោធន៍សម្រាប់អ្នក ដែលត្រូវតែគេចឲ្យផុត ហើយព្យាយាមធ្វើវាឲ្យល្អ តាមតែអាចធ្វើទៅបាន។
ចំណង់ចំណូលចិត្តគឺជាចំណុចក្ដៅមួយដែលជំរុញឲ្យសហគ្រិនដើរឆ្ពោះទៅរកភាពជោគជ័យ។
០២) គោលបំណង
លោក Mark Zuckerberg បាននិយាយថា ក្រុមហ៊ុនដ៏អស្ចារ្យមួយមិនមែនគ្រាន់តែជួលបុគ្គលិកឲ្យមកធ្វើការខាងផ្នែកទីផ្សារ ទាក់ទាញអតិថិជន និងអ្នកវិនិយោគនោះទេ សម្រាប់សហគ្រិនដែលជាអ្នកដឹកនាំក្រុមហ៊ុនត្រូវយល់ច្បាស់ថា គោលបំណងនៃការបង្កើតក្រុមហ៊ុនឡើងចង់ធ្វើអ្វីខ្លះ បើសិនគ្រាន់តែចង់បង្កើតវាឡើងឲ្យក្លាយជាក្រុមហ៊ុនមួយ នោះអ្នកមិនមែនជាសហគ្រិនជោគជ័យទេ។ ត្រូវចាំថា គោលបំណងបង្កើតក្រុមហ៊ុនឡើងដើម្បីធ្វើអ្វី ចូរបង្ហាញពីគោលបំណងពិតរបស់អ្នកនៅថ្ងៃនេះ និងសម្រាប់ពេលអនាគតចេញមក នោះអ្នកវិនិយោគនឹងបានឃើញ ហើយយល់ច្បាស់ ពេលនោះគេនឹងមកធ្វើការវិនិយោគជាមួយអ្នកដោយក្ដីរីករាយ។
ជានិច្ចជាកាល ត្រូវតែរក្សាគោលបំណងរបស់អ្នកនៅក្នុងចិត្ត ព្រោះវានឹងជំរុញអ្នកឲ្យឆ្ពោះទៅរកភាពជោគជ័យ”។ – Mark Zuckerberg
០៣) មនុស្ស ឬបុគ្គលិក
លោក Mark Zuckerberg ធ្លាប់បានិយាយថា ចង់ប្រែក្លាយក្រុមហ៊ុនមួយឲ្យមានការច្នៃប្រឌិតថ្មីនោះ ត្រូវតែបើកឱកាសដល់បុគ្គលិក និងមនុស្សដែលមានជំនាញក្នុងការបញ្ចេញសមត្ថភាព និងទេព្យកោសល ជាក់់ស្ដែង លោកតែងតែប្រាប់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ថា លោកផ្ដល់សេរីភាពក្នុងការបញ្ចេញមតិ និងគម្រោងសម្រាប់ច្នៃប្រឌិតអ្វីដែលថ្មី ដល់បុគ្គលិកទាំងអស់ ហើយបើសិនជាលោក និងក្រុមប្រឹក្សាភិបាលពិនិត្យឃើញថា វាល្អ នោះលោកនឹងសម្រេចប្រគល់កិច្ចការនោះដល់អ្នកដែលបានលើកគម្រោងនោះឡើង ព្រោះថាគេយល់ច្បាស់ពីប្រតិបត្តិការ និងអ្វីដែលត្រូវធ្វើ។ នៅក្នុងឆ្នាំ ២០១៤ លោក Mark Zuckerberg បានបង្កើតកម្មវិធីមួយសម្រាប់ផ្ដល់រង្វាន់ដល់អ្នកដែលមានសមត្ថភាពក្នុងការជ្រៀតចូលបណ្ដាញទំនាក់ទំនងសង្គម ជាមួយនឹងការរកឃើញចម្លោះប្រហោង នោះលោកនឹងផ្ដល់ជាទឹកប្រាក់ដល់អ្នករកឃើញ ព្រមទាំងឱកាសការងារមួយទៀតផង។
មិនត្រូវច្រានចោលគម្រោងរបស់បុគ្គលិកភ្លាមៗ នៅនឹងមុខនោះទេ ព្រោះការធ្វើបែបនេះ វានាំឲ្យបុគ្គលិកបាក់ទឹកចិត្ត ហើយវាក៏មិនមែនជាទង្វើដែលសហគ្រិនជោគជ័យធ្វើនោះដែរ។
០៤) ផលិតផល
Facebook បង្កើតឡើងសម្រាប់ផ្សាភ្ជាប់ទំនាក់ទំនងមនុស្សគ្រប់គ្នានៅទូទាំងពិភពលោក ចុះហេតុអ្វីចាំបាច់បង្កើតផលិតផល? លោក Mark Zuckerberg បាននិយាយថា គោលបំណងរបស់លោកគឺចង់ប្រែក្លាយពិភពលោកទាំងមូល ហើយគោលបំណងរបស់លោកគឺចង់ឲ្យមនុស្សទូរទាំងពិភពលោកបើកចំហ ទទួលយកអ្វីដែលថ្មី ហេតុនេះហើយទើប Facebook មានផលិតផលថ្មីៗជាច្រើន ព្រោះថានោះគឺជាផលិតផលសម្រាប់ប្រែក្លាយពិភពលោក។ លោក Mark Zuckerberg បាននិយាយថា បើសិនជាគ្មានការច្នៃប្រឌិតថ្មីទេនោះ ក្រុមហ៊ុនមួយនឹងនៅតែជាក្រុមហ៊ុនមួយដដែល វាហាក់ដូចជាទ្រនិចនាឡិកាអីចឹង មួយថ្ងៃមាន ២៤ម៉ោង មួយម៉ោង មាន ៦០នាទី មួយនាទី មាន ៦០វិនាទី និយាយជារួមគឺវាមែនដែលផ្ដាស់ប្ដូរ។
០៥) ភាពជាដៃគូ
គ្មានមេដឹកនាំណាម្នាក់អាចដំណើរការក្រុមហ៊ុនមួយបានដោយខ្លួនឯងនោះទេ។ កីឡាករដែលលេងបានល្អ មិនមែនមកពីខ្លួនឯងអស្ចារ្យទេ គឺមានការជ្រុំជ្រែងពីគ្រូបង្វិក និងភាពសាមគ្គីគ្នាក្នុងក្រុម យ៉ាងណាមិញ សហគ្រិនដែលជោគជ័យក៏មុខពីការលេងកីឡាដែរ។ លោក Mark Zuckerberg បាននិយាយថា មេដឹកនាំដែលល្អ ត្រូវចេះទទួលស្គាល់ការពិត ចេះទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន។ ក្រុមហ៊ុនមួយបើគ្មានទំនាក់ទំនង ឬភាពជាដៃគូជាមួយនឹងក្រុមហ៊ុនដទៃទេ នោះមិនអាចដើរដល់ផ្លូវជោគជ័យឡើង ជាក់ស្ដែង Faceook បើគ្មានដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម គ្មានក្រុមហ៊ុនផ្ដល់ហ្គេមសម្រាប់លេងកម្សាន្ត គ្មានក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ខាងហិរញ្ញវត្ថុ យុទ្ធសាស្ត្រទីផ្សារ មិនមានការផ្ដត់ផ្គង់ផ្សេងៗ នោះ Facebook ក៏គ្មានថ្ងៃនេះដែរ៕
ដកស្រង់ និងប្រែសម្រួលពី៖ គេហទំព័រ Business Insider
មតិយោបល់