ព័ត៌មានជាតិ

បង្រ្កាបករណីជួញដូរគ្រឿងញៀនដកហូតថ្នាំញៀនទំងន់ ២០៥.៦៥ក្រាម

ខេត្តបាត់ដំបង: កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្ត​បាត់ដំបង បង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានជន​សង្ស័យម្នាក់ ដកហូតបានថ្នាំញៀនទំងន់ ២០៥.៦៥ក្រាម ។ ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០១៦នេះ ស្ថិតនៅចំណុចសង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តបាត់​ដំបង បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានមានឈ្មោះ ស្វាយ (ហៅវេហា ,ហៅសីហា) ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅក្នុងស្រុកបាទី ខេត្តតាកែវ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមបាន ៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ចំនួន២ថង់ ដែលមានទំងន់ ២០៥.៦៥ក្រាម ,ទូរស័ព្ទដៃ​ចំនួន​២គ្រឿង រួមនឹងការបូបពណ៌ស្វាយចំនួន១ ផងដែរ ។ លោកបានបន្តថា ដោយស្របតាមការណែនាំរបស់​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួចមក ទើបឈានទៅដល់ការកំណត់​មុខ​សញ្ញា​ជនសង្ស័យខាងលើនេះបាន រហូតឈានទៅដល់ការចុះបង្ក្រាប ដោយមានវត្តមានរបស់លោក​វរសេនីយ៍​ឯក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស ដឹកនាំកម្លាំងដោយលោកផ្ទាល់ បានចុះទៅធ្វើការឡោម​ពទ្ធ័បង្ក្រាបបានជនសង្ស័យខាងលើនេះ បានតែម្តង ។

លោកវរសេនីយ៍ឯក កុយ ហៀង បានបញ្ជាក់ថា ករណីគ្រឿងញៀន នេះលោកប្តេជ្ញាជំរុញដឹកនាំធ្វើការបង្រ្កាប​ដូចភ្លៀងរលឹមទោះក្នុងរូបភាពណាក៏ដោយ និង ស្នើសុំអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋក៏ដូចជាប្រជាពលរដ្ឋ នៅមូល​ដ្ឋាន​​ជួយ​សហការ និងហ៊ានរាយការណ៍ជូនសមត្ថកិច្ចដើម្បីសមត្ថកិច្ចមានវិធាន ការបង្ក្រាបបានទាន់ពេលវេលា ។

ហើយបច្ចុប្បន្ន ជនសង័្សយ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ខេត្តបាត់​ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕

ជួញដូរគ្រឿងញៀន

ជួញដូរគ្រឿងញៀន

ជួញដូរគ្រឿងញៀន

មតិយោបល់