ភ្នំពេញៈ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការចុះឈ្មោះបោះឆ្នោតនៅលើកនេះ ជាការបោះឆ្នោតដែលមានភាពត្រឹមត្រូវនិងមានតម្លាភាព ដូច្នេះហើយលោកអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់និងចូលរួមបោះឆ្នោតសកលដែលនឹងប្រព្រឹត្តិទៅនាឆ្នាំ២០១៧និងឆ្នាំ២០១៨ខាងមុខនេះ។លោកអភិបាលបានលើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី១កញ្ញា ឆ្នាំ២០១៦ ខណៈដែលលោកអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅទីស្នាក់ការសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកអភិបាលបានបន្តថា ថ្ងៃទី១កញ្ញា ឆ្នាំ២០១៦នេះជាថ្ងៃដំបូង ដែលនៅគ្រប់សង្កាត់នៅក្នុងរាជធានីភ្នំពេញចាប់ផ្តើមបើកការចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញ ។នេះជាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតមួយដ៏ល្អ ជាការចាប់ផ្តើមមួយដ៏ល្អ ត្រឹមត្រូវច្បាស់លាស់និងមានតម្លាភាព។ លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុនិងមានសិទ្ធិក្នុងការបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានៅតាមសង្កាត់ដែលបងប្អូនស្នាក់នៅ ។នេះជាសិទ្ធិនិងជាកាតព្វកិច្ចរបស់យើងជាប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ដែលនឹងឈានទៅដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០១៨ ខាងមុខទៀតផង។
ទន្ទឹមនឹងនោះដែរ លោកអភិបាលក៏បានស្នើសុំឲ្យមានការសហការគ្នាឲ្យបានល្អរវាងរដ្ឋបាលសង្កាត់ អាជ្ញាធរដែនដីនិងកងកម្លាំងមានសមត្ថកិច្ច ក្នុងកិច្ចការពារឲ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ប្រសើរបង្ករលក្ខណៈឲ្យការចុះឈ្មោះបោះឆ្នោតនេះ ប្រកបដោយភាពត្រឹមត្រូវ ។លោកបន្តទៀតថា បើប្រៀបធៀបទៅនឹងការចុះឈ្មោះបោះឆ្នោតកាលពីសម័យអ៊ុ តាក់នោះឃើញថា ការចុះឈ្មោះបោះឆ្នោតលើកនេះជាការចុះឈ្មោះបោះឆ្នោតដែលមានលក្ខណៈប្រាកដប្រជាជាង ដោយកាលនោះ វាជាការចាប់ផ្តើមដំបូង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនទៅចុះឈ្មោះបោះឆ្នោតជាច្រើនកន្លែងនិងការពិនិត្យមិនទាន់បានដិតដល់ជាដើម។ តែសម្រាប់ការចុះឈ្មោះបោះឆ្នោតលើកនេះគណៈកម្មាធិការរៀបចំការបោះឆ្នោតបានធ្វើការកែប្រែចំណុចខ្វះខាតកន្លងមកនោះអស់ហើយ មិនមានអ្វីដែលខ្វះខាតទៀតនោះទេ។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមការងាររបស់ខ្លួនក្នុងចុះឈ្មោះបោះឆ្នោតនេះចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ ក្នុងម៉ោងធ្វើការ ដោយមិនគិតថ្ងៃសោរ៍ និងអាទិត្យនោះទេ៕






មតិយោបល់