ភ្នំពេញ៖ ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ ២០១៥» នឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០១៤ នៅលើទឹកដីខេត្តសៀមរាប ជាមួយនឹងការសម្ដែងសិល្បៈ និងផ្ទាំងទស្សនីយភាពផ្សេងៗជាច្រើនដល់ភ្ញៀវជាតិ និងអន្តរជាតិ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ ២០១៥» បានថ្លែងឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៥ នេះថា ដើម្បីលើកស្ទួយ «បេតិកភណ្ឌអរូបិយខ្មែរ នៅលើទឹកដីបេតិកភណ្ឌ រូបិយ» នៅក្នុងព្រឹត្តិការណ៍នោះ មានការសម្ដែងល្បែងប្រជាប្រិយ របាំប្រពៃណី ការបង្ហាញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនាបុរាណកាល សិល្បៈ ទស្សនីយភាពផ្សេងៗសម្តែងជូនភ្ញៀវជាតិ អន្តរជាតិដោយក្រុមយុវជន យុវនារី សិល្បករ និងសិល្បការិនីខ្មែរ ព្រមទាំងមានការរៀបចំជាពិព័រណ៍ម្ហូបអាហារ ដើម្បីបង្ហាញជូនភ្ញៀវជាតិអន្តរជាតិ នូវភាពសម្បូរបែបនៃម្ហូបអាហាររបស់ប្រជាជនខ្មែរ។
លោក សោម រតនា ប្រធានក្រុមការងារកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឲ្យដឹងថា «អង្គរសង្ក្រាន្ត ឆ្នាំ ២០១៥» នឹងត្រូវ រៀបចំឡើងនៅតាមបណ្តាទីតាំងសំខាន់ៗ ដូចជា បរិវេណខាង មុខប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន (លានជល់ដំរី) ដងស្ទឹងសៀមរាប បរិវេណពិព័រណ៍អង្គរឃ្យុងយូ ហើយលោករំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍៥០ម៉ឺននាក់។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៣ ដោយទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចំនួនជិត ១៨ម៉ឺននាក់ និងនៅឆ្នាំ ២០១៤ ទទួលបានជាង ៣៨ម៉ឺននាក់៕
មតិយោបល់