ខេត្តរតនគិរី៖ អភិបាលស្រុកមួយរូបនៅក្នុងខេត្តរតនគិរីបានចាត់ទុកថា អ្នកសារព័ត៌មាននៅក្នុងខេត្តនេះគឺជាអ្នកព័ត៌មានលាបពណ៌ ដែលជាការរងគ្រោះបំផុត ដោយឡែកអភិបាលស្រុកមួយរូបទៀតក្នុងខេត្តនេះដែរបានត្អូញត្អែរពីការលំបាកក្នុងករណីការបង្ក្រាបទល្មើសផ្សេងៗ។ការមានប្រសាសន៍បែបនេះគឺអភិបាលស្រុកទាំងពីរបានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយសារាចរលេខ០២ របស់រាជរដ្ឋាភិបាល ដែលស្តីពីអំពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលធ្វើឡើងក្រោមការចូលរួមពីសំណាក់លោក ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅសាលាខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ។ អភិបាលស្រុកអូរយ៉ាដាវលោក ម៉ា វិចិត្រ បានមានប្រសាសន៍នៅក្នុងពីធីផ្សព្វផ្សាយនោះថា “យោងតាមការចុះបង្ក្រាប និងអង្កេតកន្លងមក ករណីបទល្មើសព្រៃឈើនៅក្នុងតំបន់របស់លោកមិនសូវកើតមានដូចមានការលើកឡើងនោះទេ ផ្ទុយទៅវិញបទល្មើសមានតិចតួចបំផុត”។ លោកបានមានប្រសាសន៍ថា “អ្វីដែលជាការប្រឈមនោះ គឺអ្នកសារព័ត៌មានទៅវិញ ដែលយកករណីចុះបង្ក្រាបនៅក្នុងតំបន់របស់លោកថាជាការទារលុយទារកាក់”។ លោកថា អ្នកសារព័ត៌មានបានចោទថាខ្ញុំជាអ្នកទទួលសំណូកពីបទល្មើសចំនួន១៧០០០ $ ដែលការផ្សាយនោះគឺជាការបំផ្លើស ឫហៅថាជាសារព័ត៌មាន “លាបពណ៌”ឫក៏ករណី “ជះទឹកដាក់គ្នា”។ លោកម៉ា វិចិត្រ គេនៅមិនទាន់ដឹងថា សម្តីរបស់លោកបានចោទប្រកាន់ទៅលើអ្នកសារព័ត៌មានណាមួយនោះទេ ហើយកន្លងមកគេក៏មិនទាន់ដឹងថាមានអ្នកសារព័ត៌មានប៉ុន្មាននាក់ដែលត្រូវលោកបានប្តឹងទារសំណងក្នុងបទបរិហាកេរ្តិ៍នោះផងដែរ។ដោយឡែកអភិបាលស្រុកអណ្តូងមាសលោក នង ដារិទ្ធ ក៏បានមានប្រសាន៍នៅក្នុងពិធីផ្សព្វផ្សាយនោះដែរថា “ការចុះបង្ក្រាបបទល្មើសបានប្រឈមបញ្ហាជាច្រើនដូចជាករណីចុះបង្ក្រាបបទល្មើបានហើយ គ្មានមធ្យោបាយដឹកជញ្ជូន ដែលតម្រូវឲ្យរដ្ឋបាលស្រុកជួលមធ្យោបាយឯកជន មិនត្រឹមតែប៉ុណ្ណោះបទល្មើសដែលបង្ក្រាបបានត្រូវបានបាត់បងទៅវិញដោយសារតែខ្វះកន្លែងផ្ញើរជាដើម។ល។ បើទោះបីជាអាជ្ញាស្រុកមានសិទ្ធិតែគ្រប់គ្រងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប៉ុន្តែមិនមានសិទ្ធិប្រតិភូកម្មអំណាចនោះទេ”។ មានប្រសាសន៍ឆ្លើយតនឹងសេចក្តីរាយការណ៍ខាងលើលោក ម៉ាន សុគ្រី អនុលេខាធិការក្រសួងកសិកម្មបានថ្លែងថា កងកម្លាំងប្រដាប់អាវុធដែលជាប់ពាក់ព័ន្ធនិងបទល្មើសសូមដកខ្លួនអោយឆ្ងាយ ហើយចូលរួមសហការណ៍ និងរាយការណ៍លើកការងារបទល្មើសនេះអោយបានជោគជ័យ។ លោកបានថ្លែងបន្តថា អ្នកសារព័ត៌មានមួយចំនួនតែងតែបំលែង ពីការពិត ក៏ប៉ុន្តែដោយឡែកអ្នកសារព័ត៌មានមួយចំនួនដ៏ទៃទៀតក៏បានផ្សព្វផ្សាយពត៌មានពិត និងពត៌មានបានល្អផងដែរ។ លោកបានមានប្រសាសន៍បញ្ជាក់ទៀតថា ការមិនសហការរបស់សមត្ថកិច្ច វាតែងតែបង្កអោយសមត្ថកិច្ចដែលចុះទៅបង្ក្រាបនោះក្លាយទៅជាជនរងគ្រោះទៅវិញ ដូចជាករណីជនល្មើសធ្វើសកម្មភាពពន្លិចទូកបង្ក្រាបរបស់សមត្ថកិច្ចជាដើម។ល។ គេកំពុងតែធ្ងល់ថា ហេតុអ្វីបានជាការផ្សព្វផ្សាយព័ត៌មានបទល្មើសដែលនិយាយក្នុងស្រុកអូរយ៉ាដាវរបស់លោកម៉ា វិចិត្រ បែរជាលោកចាត់ទុកថា ជាការប្រឈមដ៏ធ្ងន់ធ្ងរសំរាប់លោកទៅវិញ៕
ព័ត៌មានជាតិ
មតិយោបល់