កំពង់ឆ្នាំង៖ភាពវេទនាអត់ឃ្លាននិងកំព្រារបស់កុមារ៣នាក់បងប្អូនដែលម្នាក់ត្រូវពិការជើងដោយសារពស់ចឹកផង ត្រូវបានឪពុកម្តាយ និងបងបង្កើត២នាក់ចាកចេញទៅធ្វើការបាត់ដំណឹង៣ឆ្នាំមកហើយ បានធ្វើអោយអ្នកស្រុកភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស មានការអាណិតអាសូរចំពោះការតស៊ូរស់នៅយ៉ាងលំបាករប ស់កុមារកំព្រាទាំង៣នាក់បងប្អូន ដោយស្នើសុំអំពាវនាវដល់សប្បុរសជនមេត្តាជួយសង្គ្រោះដល់ពួកគេផង។កុមារទាំង៣នាក់ខាងលើនេះរស់នៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ។ ប្រជាពលរដ្ឋរស់នៅភូមិក្រាំងស្គារបាននិយាយពីប្រវត្តិកុមារកំព្រាទាំង៣នាក់និងក្រុមគ្រួសារគេអោយដឹងថា៖កុមារាទី១ឈ្មោះ សឺ សាន អាយុ១៥ឆ្នាំ សព្វថ្ងៃដើរស៊ីឈ្នួលមើលគោ ក្របីអោយគេយកប្រាក់ចិញ្ចឹមប្អូនៗ កុមារីទី២ឈ្មោះ សឺ សុជា អាយុ១០ឆ្នាំ ដើរជីកដំឡូងព្រៃលក់ កុមារីទី៣ឈ្មោះ សឺ មាណិត អាយុ៨ឆ្នាំ ពិការជើងខាងស្តាំមួយកំណាត់កាលពី២ឆ្នាំមុនដោយសារពស់ចឹកគ្មានលុយព្យាបាល។ ពួកគេមានបងប្អូន៣នាក់ទៀតគឺ ១ឈ្មោះសឺ សល់ ភេទប្រុស អាយុ២១ឆ្នាំ ទៅធ្វើការនៅភ្នំពេញបាត់ដំណឹងជាង៣ឆ្នាំមកហើយ ២ឈ្មោះ សឺ ម៉ាណុតភេទស្រី អាយុ១៨ឆ្នាំ បែកមានប្តីមិនដែលមករកប្អូនៗឡើយ ៣ឈ្មោះ សឺ ឡុង ភេទស្រី អាយុ១៣ឆ្នាំ ស៊ីឈ្នួលលាងចានអោយគេ នៅភូមិថ្នល់ទទឹង ឃុំសែប ស្រុកកំពង់ត្រឡាច បានតែបាយហូបមិនដែលបានប្រាក់អ្វីឡើយ។ចំណែកឪពុក ពួកគេឈ្មោះ ញឹម សៃ អាយុ៤២ឆ្នាំ ចេញទៅរស់នៅជាមួយប្រពន្ធចុងជាង២ឆ្នាំហើយមិនដែលមកមើលកូនៗឡើយ ចំណែកម្តាយរបស់គេឈ្មោះ នី អាយុ៤១ឆ្នាំ ចេញទៅធ្វើជាកម្មការិនីនៅប្រទេសថៃជាង២ឆ្នាំមកហើយបាត់ដំណឹងឈឹង។ ដោយមើលឃើញការលំបាកអត់ឃ្លាននិងទាំងមិនបានរៀនសូត្រផងនោះ ចំពោះកុមារទុរគតទាំង៣នាក់ខាងលើនេះកំពុងរស់នៅក្នុងកូនខ្ទមស្លឹកដ៏តូចមួយធ្លុះធ្លាយមុខក្រោយដ៏គួរអោយអាណិតណាស់ ប្រជាពលរដ្ឋក្នុងភូមិសំណូមពរស្នើសុំដល់សប្បុរសជន ដែលមានទឹកចិត្តសប្បុរស មេត្តាជួយសង្គ្រោះភាពអត់ឃ្លានដល់កុមារទាំង៣នាក់បងប្អូនខាងលើនេះដោយអនុគ្រោះផងចុះ៕
ព័ត៌មានជាតិ
មតិយោបល់