បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់បានបោករថយន្ដរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ហើយបានយកកាតគ្រីទៅបញ្ចាំនោះត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យធ្វើការស្រាវជ្រាវ តាមចាប់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងខេត្ដដើម្បីធ្វើការសួរនាំនិងមានវិធានការតាមផ្លូវច្បាប់ ។លោកឧត្តមនេនីយ៍ត្រីអាត់ ខែម ស្នងការនគបាលខេត្ដបន្ទាយមានជ័យបានបញ្ជាក់ថាជនសង្ស័យរូបនេះមានឈ្មោះ ឈុន សុផល ប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិគោរដ្ឋាន សង្កាត់ អូរអំបិល ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក អាត់ ខែម បានបញ្ជាក់ទៀតថាជនសង្ស័យរូបនេះបានជួលរថយន្ដមួយគ្រឿងស៊េរីឆ្នាំ៩៧ពីជនរងគ្រោះឈ្មោះអេង ចំណាន រស់នៅឃុំស្រះជីក ស្រុកភ្នំស្រុក ដោយជួលក្នុងរយៈពេល៧ថ្ងៃ ឱ្យតម្លៃ ១លានរៀល ប៉ុន្ដែជននេះបានយកកាតគ្រីរថយន្ដរបស់ជនរងគ្រោះទៅបញ្ចាំនៅឯខេត្ដក្រចេះហើយយកតែរថយន្ដមកប្រគល់ឱ្យម្ចាស់ដើមវិញ ។បន្ទាប់ពីបោកលើកទី១ជនសង្ស័យរូបនេះក៏បានទៅជួលរថយន្ដកាមរី ចំនួន២គ្រឿងពីប្រជាពលរដ្ឋ នៅសង្កាត់អូរអំបិល រួចហើយយកកាតគ្រី ទៅបញ្ចាំនៅហាង ខេយូអាប់ ស្ថិតនៅផ្សារសិរីសោភ័ណបន្ទាប់មកយករថយន្ដមកប្រគល់ឱ្យជនរងគ្រោះវិញ។ក្រោយពីមានករណីឆបោកជាបន្ដបន្ទាប់ កើតឡើងនិងមានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមកស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានបញ្ជាទៅការិយាល័យជំនាញបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមនីតិវិធីតែម្តង៕
ព័ត៌មានជាតិ
មតិយោបល់