ស្ទឹងត្រែង៖ស្ពានមិត្តភាពកម្ពុជា-ចិនសេកុង បានស្ថាបនាឡើង ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលការសាងសង់ ចំណាយទឹកប្រាក់អស់ប្រមាណជា២០លានដុល្លារ ដោយក្រុមហ៊ុនស៊ាង ហៃ គ្រុប។ស្ពានចាប់ផ្តើមស្ថាបនានៅថ្ងៃ១៨មេសា២០០៤ ហើយបានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ២៩មេសា២០០៨ មានប្រវែង១០៥៧ម៉ែត្រ និងទំហំទទឹងមានប្រវែង១១ម៉ែត្រ តែស្ពាននេះបច្ចុប្បន្នកំពុងរងនូវការគម្រាមពីរថយន្តធុនយក្ស បង្កអោយមានការប្រះស្រាំគួរអោយព្រួយបារម្ភ។ ស្ពានសេកុងស្ទឹងត្រែង បានផ្សារភ្ជាប់ទន្លេសេកុង ឆ្លងពីសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ទៅដីសង្កាត់សាមគ្គី បន្តឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវនោះ នៅពេលបច្ចុប្បន្ននេះ ត្រូវគេរាយការណ៏ថា បាននិងកំពុងរងនូវការប្រេះស្រាំទៅលើសសរស្តំ ទ្រទម្ងន់នៅចំពាក់កណ្តាលស្ពាន ដោយនៅពេលនេះ គេនៅមិនទាន់ឃើញអាជ្ញាធរ ឬក៏ក្រុមមន្ត្រីជំនាញបច្ចេកទេស ចុះទៅពិនិត្យនោះឡើយ។ ការរងនូវការប្រេះស្រាំសសរស្តំ ដែលជាសសរទ្រទម្ងន់ធ្ងន់ជាងគេនោះ ត្រូវគេរាយការណ៏ថា ការប្រេះស្រាំនេះ អាចបង្កឡើងពីការដឹកជញ្ជូនឆ្លងកាត់ រថយន្តធុនធំៗគ្រប់ប្រភេទ ផ្ទុកលើសទម្ងន់កម្រិតកំណត់ របស់ក្រុមហ៊ុនខ្នាតធំមួយចំនួន នៅក្នុងខេត្តស្ទឹងត្រែង ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ពីរាជរដ្ឋាភិបាល វិនិយោគលើផ្ទៃដីច្រើនម៉ឺនហិចតា លើការដាំដុះដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្ម ជាដើមនោះ តែមានក្រុមហ៊ុនមួយចំនួន មិនបានអនុវត្តឲ្យបានត្រឹមត្រូវ តាមកិច្ចព្រមព្រៀងវិនិយោគ រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុននោះឡើយ។ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង នៅពេលនេះកំពុងមានការព្រួយបារម្ភ ពីការបាត់បង់សមិទ្ធិផលស្ពានសេកុង ដែលមានតម្លៃមហាសាល និងជាសរសៃឈាមសម្រាប់ទំនាក់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការដឹកកសិផល ពីជនបទដាច់ស្រយ៉ាល មកកាន់ផ្សារក្រុង ដែលជាទីប្រជុំជនមួយដ៏ធំ ។ ក្តីបារម្ភនោះ ពួកគាត់បានដាក់បន្ទុកទៅលើការដឹកជញ្ជូនឈើឆ្លងកាត់ស្ពានទាំងយប់ទាំងថ្ងៃ របស់ក្រុមជាច្រើន ពិសេស ក្រុមហ៊ុនដែលទទួលបានសិទ្ធិដេញថ្លៃឈើស្របច្បាប់ ពីរាជរដ្ឋាភិបាល ជាអ្នកទទួលបន្ទុកក្នុងការកាប់ និងដឹកជញ្ជូនឈើ ចេញពីព្រៃសម្បទានសេដ្ឋកិច្ច និងឈើដែលសមត្ថកិច្ចបង្ក្រាបបាន យកចេញពីរដ្ឋបាលព្រៃឈើ នៅក្នុងតំបន់ និងនៅពេលនេះ ឈើដែលដឹកចេញជារៀងរាល់ថ្ងៃនោះ គេសង្ស័យថា បានគេប្រមូលទិញ និងដឹកចេញពីព្រៃឧទ្យានជាតិ និងព្រៃការពារសំខាន់ៗរបស់រដ្ឋក្នុងស្រុកសៀមប៉ាង។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ប្រសិនបើអាជ្ញាធរ ក៏ដូចជាក្រុមមន្ត្រីជំនាញ មិនមានវិធានការទប់ស្កាត់ ការដឹកឈើ និងទំនិញផ្សេងៗ ដែលផ្ទុកលើកទម្ងន់កំរិតកំណត់នោះទេ ក្តីបារម្ភចុងក្រោយ គឺពួកគាត់ខ្លាចខានបានឆ្លងស្ពាននោះទៀតហើយ៕
ព័ត៌មានជាតិ
មតិយោបល់