ផ្លែល្វាពេលខ្ចីធ្វើជ្រក់ បរិភោគជាមួយត្រីអាំង ឬ ភ្លាជាមួយសាច់គោ។
ពេលទុំ យើងយកទៅធ្វើតំណាប់ និង ធ្វើនំដុត។
នៅពេលទុំជោរខ្លាំង គូថផ្លែល្វានឹងប្រេះ អាចអោយស្រមោច ឬ មមង់ចូលចោះបាន។
ពូជល្វា មានល្វាឯម ល្វាឧទុមពរ ល្វាប្រាំង ជាដើម។ គេហៅខុសៗគ្នាទៅតាមរសជាតិ និង រូបរាង។ ល្វាឯម មានរាងធំ ពេលទុំមានសំបកពណ៌ស្វាយ មានរសជាតិជូរ នៅពេលខ្ចី ផ្អែមឆ្អិត នៅពេលទុំ គេច្រើនយកមកធ្វើតំណាប់ លក់បានថ្លៃ។
ល្វាឧទុមពរ មានរសជាតិជូរបន្តិច ចត់បន្តិច ចាស់ច្រើនយកធ្វើជ្រក់ បរិភោគជាមួយកង្កែបអាំង ក្លែមទឹកត្នោតជូរ។
ល្វាប្រាំង ឬ ល្វាព្រៃ មានដើមធំ ម្លប់ធំ ច្រើនមានផ្លែល្អិតៗស្កេកស្កះ ចេញជាទងកញ្ចុំៗ ប្រមុំជុំដើម និងជាចំណីសត្វស្លាប ដូចជាសេក សារិកា មហោរី ពពេជពពូល ជាដើម។
ផ្លែល្វា មានល្អមានស្អុយ តាមដំណើរ ដូចតែផ្លែឈើដទៃៗទៀតដូច្នោះ។
ចំណែកមនុស្ស ក៏មានល្អមានអាក្រក់។ រីឯ ទឹកចិត្តអាក្រក់ឬល្អ ក៏មិនរត់ស្រប តាមតម្លៃសំបកក្រៅរបស់មនុស្ស រហូតដែរ។
ការពោលតាមគ្នា តៗគ្នា ដោយខ្វះពិចារណ៍ នឹងធ្វើអោយ គំនិត បញ្ញា និង ចំណេះចេះដឹង របស់យើង ទាល់ច្រកតុញតុះ មិនរីកចម្រើនរុងរឿង គឺមើលឃើញ នៅត្រឹមតែជ្រុងមួយ រៀងរហូត មិនកែប្រែ អោយប្រសើរដុះដាល ទូលំទូលាយប្រសើរជាងមុន។
សូមនឹកដល់ព្រះពុទ្ធដីការ ដែលបានទូន្មានយើងថា មិនអោយយើងជឿគេ ដោយខ្វះការស្រាវជ្រាវ ពិចារណាត្រិះរិះ និង ស្វែងយល់អត្ថន័យ នោះឡើយ ព្រោះការពិចារណា ស្រាវជ្រាវ នឹងធ្វើអោយយើង កើនបញ្ញា មិនលែង។
មតិយោបល់