ភ្នំពេញៈ សំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ហើយបានចាត់បញ្ជូនទៅចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីដាក់កម្មវិធីបើកសវនាការ ខណៈជនត្រូវចោទ១ក្រុមកំពុងជាប់ក្នុងពន្ធនាគារជាង២ឆ្នាំមកហើយនោះ នឹងត្រូវបានលោក លី សុខលេង ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ លើកយកមកជំនុំជម្រះក្នុងពេលថ្មីៗខាងមុខនេះ។
នេះ បើតាមការអះអាងពីមន្ត្រីសាលាដំបូងបង្ហើបឱ្យដឹងនៅក្រៅរបងតុលាការនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ។
មន្ត្រីសាលាដំបូងឲ្យដឹងទៀតថា ក្នុងសំណុំរឿងឃាតកម្មមួយនេះ មានឧកញ៉ា ថោង សារ៉ាត់ និង អង្គរក្ស៤នាក់ ត្រូវបានការចោទប្រកាន់ពីស្ថាប័នអយ្យការរួចរាល់អស់ហើយ រងចាំតែថ្ងៃបើកសវនាការជនុំជម្រះប៉ុណ្ណោះ។ ប៉ុន្តែ ទោះជាយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញមិនទាន់បានកំណត់ថ្ងៃសវនការលើសំណុំរឿងឃាតកម្មនេះឱ្យបានច្បាស់លាស់នៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាអំពើសាហាវឃោរឃៅព្រៃផ្សៃនៅកណ្តាលរាជធានីភ្នំពេញ បានកើតឡើងកាលវេលាម៉ោង៧ និង១៨នាទីយប់ ថ្ងៃទី២២ វិច្ឆិកា ២០១៤ ខណៈដែលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស៥៧០ ពណ៌ឈាមជ្រូក បំណងចូលទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ខាងលិចអាងទឹកស្តាតអូឡាំពិក ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។ នៅគ្រានោះឃាតករបានដកកាំភ្លើងខ្លីពីចង្កេះចុះពីលើម៉ូតូដើរសំដៅទៅបាញ់ជនរងគ្រោះមិនដកដៃ បាញ់ហើយបាញ់ទៀត បាញ់ទាល់តែលោកឧកញ៉ា អ៊ឹង ម៉េងជឺ បានដួលក្រាប លត់ជង្គង់នៅលើដី ឈាមហូរជោគខ្លួននៅចំពោះមុខមហាជនរហូតដាច់ខ្យល់ស្លាប់ ទើបជនដៃដល់ឡើងជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព ។
ក្រោយពីអំពើឃាតកម្មនេះកើតឡើងកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវតាមរូបភាពថតដោយកាំមេរ៉ា រហូតឈានទៅឃាត់ខ្លួនបានជនដៃដល់បានចំនួន៥នាក់ជាបន្តបន្ទាប់ដែលក្នុងនោះមានមេខ្លោងម្នាក់គឺឧកញ៉ា ថោង សារ៉ាត់ នឹងដកហូតបានអាវុធជាច្រើនដើមផងដែរ។
មន្ត្រីសាលាដំបូងបញ្ជាក់ថា ជនត្រូវចោទមាន៥នាក់ ១-ឧកញ៉ា ថោង សារ៉ាត់ អាយុ៤៥ឆ្នាំ, ២-ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ, ៣-ឈ្មោះ លី សៅ ហៅ វី ភេទប្រុស អាយុ៤២ឆ្នាំ (២នាក់នេះជាប់ពាក់ពន្ធពីបទឃាតកម្មគិតទុកជាមុន) ៤-ឈ្មោះមាស សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ និង ៥-ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ (២នាក់នេះជាប់ពាក់ពន្ធពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន) ។
រឿងរ៉ាវឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នោះនៅតែជារឿងមួយដែលមហាជនចង់ដឹងអំពីចំណាត់ការរបស់តុលាការ នៅគ្រាដែលរឿងនេះបានស្ងប់ស្ងាត់ ឬកប់បាត់ឈឹងអស់ពេលជាយូរមកហើយ បន្ទាប់ពីចាប់បានមេខ្លោងនឹងជនដៃដល់នឹងអ្នកពាក់ព័ន្ធរួចអស់ហើយនោះ តែបែរជាគ្មានលើកយកមកាត់ទោស។
លើកនេះ មន្ត្រីតុលាការថានឹងលើកយកមកបើកសវនាការឆាប់ៗខាងមុខនេះ។ ចាំមើលតើវាសនាជនទាំង៥នោះ ទទួលទោសបែបណានោះ រងចាំតាមដានទាំងអស់គ្នា៕
មតិយោបល់