យោងតាមទំព័រអាជ្ញាធរអប្សរាបានបង្ហាញព័ត៌មាននៅមុននេះបន្តិចថា ព្រឹទ្ធាចារ្យជនជាតិខ្មែរ៣រូប ដែលមានជំនាញផ្នែកជួសជុល ប្រាសាទឥដ្ឋអស់រយៈពេលជាង ២០ឆ្នាំ បានទទួលងារជា ពលករជំនាញឆ្នើម។ ងារនេះត្រូវបានប្រគល់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន អាជ្ញាធរជាតិអប្សរា ក្នុងឱកាសនៃកិច្ចប្រជុំបច្ចេកទេស លើកទី២៤ របស់គណៈកម្មាធិការអន្តរជាតិ សម្រប សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នាថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៥នេះ។
ព្រឹទ្ធាចារ្យខ្មែរ ដែលមានជំនាញខាងជួសជុលប្រាសាទឥដ្ឋ ទាំង៣រូបនេះមាន លោកតា ស៊ឹម អៃ អាយុ៧០ឆ្នាំ លោកតា ស៊ឹម អឿម អាយុ៦៣ ឆ្នាំ និងលោកតា ភេម ភឿម អាយុ៦៨ឆ្នាំ មានទីលំនៅជិតប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មានប្រសាសន៍ក្រោយទទួលបានប័ណ្ណសរសើររួច លោកតា ស៊ឹម អឿម បានរៀបរាប់ថា លោកតា និងក្រុមការងារបានចាប់ផ្តើមការងារជួសជុលប្រាសាទឥដ្ឋតាំងពីនៅក្មេងៗ ដោយឪពុករបស់លោកតាក៏ជាអ្នក ជួសជុល និងបង្ហាត់បង្ហាញ។ លោកតាបន្តថា ការងារនេះ លោកតាចេះពីឪពុកលោកខ្លះ និងទទួលបានការបណ្តុះ បណ្តាល បន្ថែមពីអ្នកជំនាញហុងគ្រី អ៊ីតាលី និងអាល្លឺម៉ង់ ក្នុងពេលដែលលោកតាចូលរួមធ្វើការជាមួយពួកគេតាំងពីឆ្នាំ១៩៩៤មក។
ចាប់តាំងពីឆ្នាំ២០០០មក លោកតាបានចូលរួមធ្វើការ ជាមួយអាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។ លោកតា ស៊ឹម អឿមបានរៀបរាប់បន្ថែមថា លោកតាមាន សេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកិច្ចការ ជួសជុលប្រាសាទរបស់ខ្មែរ ទោះបីជាលោកតាមាន អាយុកាន់តែច្រើន និងមានជំងឺខ្លះៗប្រចាំកាយក៏ដោយ។
គិតមកទល់នឹងពេលនេះ ក្រុមការងាររបស់លោកតា បានចូលរួមជួសជុលប្រាសាទព្រះគោ បានរួចរាល់ និងកំពុងបន្តជួសជុលប្រាសាទបាគង ប្រាសាទលលៃ និងប្រាសាទគោកចក ជាមួយនឹងក្រុមជំនាញរបស់ អាជ្ញាធរជាតិអប្សរា។
ជាការផ្តែផ្តាំដល់កូនចៅជំនាន់ក្រោយ លោកតា អឿម បានលើកឡើងថា សូមឲ្យកូនខ្មែរទាំងអស់ យកចិត្តទុក ដាក់រៀនសូត្រ ដើម្បីរក្សាបច្ចេកទេសនៃការជួសជុលនេះ បានបន្តរហូត ដោយពុំបាច់ពឹងបរទេសទាំងស្រុង ព្រោះ ប្រាសាទទាំងនោះជាបេតិកភណ្ឌរបស់ដូនតាខ្មែរយើង៕
ព័ត៌មានជាតិ
មតិយោបល់