ព័ត៌មានជាតិ

​កូន​​គ្រញូង​២​ម៉ឺន​ដើម ​​ត្រូវ​បាន​អាជ្ញាធរ​បន្ទាយមានជ័យ ដាំ​តាម​ទី​សាធារណៈ

បន្ទាយមានជ័យ: កូនឈើប្រណីត ប្រភេទគ្រញូង ដែលកំពុងមានតម្លៃ ក្នុងទីផ្សារ នាពេលបច្ចុប្បន្ន ចំនួន២ម៉ឺនដើម ត្រូវបាន អាជ្ញាធរខេត្តបន្ទាយមានជ័យ ដាំតាមទីសាធារណះ  វត្តអារាម ទូទាំងខេត្តបន្ទាយមានជ័យ ។

លើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា លោក  សួន បវរ អភិបាលនៃគណះអភិបាល ខេត្តបន្ទាយមានជ័យ បានលើកឡើងថា អាជ្ញាធរខេត្តបានត្រៀមរួចរាល់ហើយ នូវដើមឈើគ្រញូងចំនួន២ម៉ឺនដើម ដើម្បីដាំនាពេលខាងមុខនេះ ។ ដើមឈើគ្រញូង២ម៉ឺន ដើម ទាំងអស់ ជាការឧបត្ថម្ភរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ។

លោក សួន បវរ បានបន្ដទៀតថា ការដាក់ដាំដើមឈើនេះ គឺក្នុងគោលបំណងលើកស្ទួយសោភ័ណភាព ខេត្តបន្ទាយមានជ័យ ក៏ដូចជាការចូលរួមក្នុងកិច្ចការបរិស្ថាននៃបម្រែបម្រួលអាកាសធាតុ និងប្រែក្លាយទីរួមខេត្ត ទៅជាតំបន់ពណ៌បៃតង ពោពេញទៅដោយដើមឈើ ដើម្បីប្រកួតប្រជែងទីក្រុងស្អាត ។ ចំពោះការដាំដើមឈើនេះ ដែលកន្លងមកសម្រាប់ខេត្តបន្ទាយមានជ័យ ក៏បានដាក់ដាំនូវប្រភេទឈើប្រណិតជាច្រើនរួមមកហើយ ដូចជា ឈើបេង ឈើធ្នង់ ឈើនាងនួន ជាដើម នៅទីសាធារណះ ក្នុងខេត្ត បន្ទាប់ពីលោកទទួលតំណែងជាអភិបាលខេត្ត ហើយការដាំនេះដែរ សម្រាប់ខេត្តបន្ទាយមានជ័យ ជាលើកទីពីរដោយលើកទីមួយសម័យអភិបាលខេត្ត អ៊ុង អឿន ដាំដើមរាជសងខាងផ្លូវមួយចំនួនធ្វើឲ្យខេត្តនេះ នារដូវជិតចូលឆ្នាំតាមផ្លូវពោពេញទៅដោយផ្កាលឿងរាជ។

ជាមួយគ្នានេះដែរ លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើរ តាមរយ: Page Facebook របស់លោក  ថា ក្រោយពេលដាំឈើគ្រញូងទាំង២ម៉ឺន ដើមខាងលើរួច សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច មេត្តាជួយចូលរួមថែទាំដើម្បីឲ្យកូនឈើទាំងនោះ អាចលូតលាស់បានឆាប់រហ័ស៕

ដាំកូនឈើ (9)

ដាំកូនឈើ (1)

ដាំកូនឈើ (2)

ដាំកូនឈើ (3)

ដាំកូនឈើ (4)

ដាំកូនឈើ (5)

ដាំកូនឈើ (6)

ដាំកូនឈើ (7)

ដាំកូនឈើ (8)

មតិយោបល់