ស្ទឹងត្រែងៈ អាវុធហត្ថស្រុកសេសានបានធ្វើឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ពាក់ព័ន្ធករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។
ករណីនេះបានធ្វើឡើងកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវ៧៨ចាស់ ស្ថិតក្នុងភូមិក្បាលរមាស ឃុំក្បាសរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អាវុធហត្ថបានប្រាប់ថា ជនសង្ស័យទី១ ឈ្មោះ ហេង ណាក់ ភេទប្រុស អាយុ៤៩ ជាតិខ្មែរ មានមុខរបរជាមន្ត្រីប៉ូលិសប៉ុស្តិ៍ស្រែគរ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន។ ទី២ ឈ្មោះ ស សាញ់ ភេទប្រុស អាយុ៤៨ ជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅភូមិក្បាលរមាស ស្រុកសេសាន។ ទី៣ ឈ្មោះ ភួ ហួ ភេទប្រុស អាយុ៥៦ ជាតិខ្មែរ មុខរបរធ្វើចំការរស់នៅភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន។
អាវុធហត្ថបន្តថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថដកហូតបានវត្ថុតាងរួមមាន៖ កាំភ្លើងអាកាស្វ័យបត់ ដែលមានលេខ ៣៧២៥៤៤៩ មួយដើម នឹង បង់កាំភ្លើងមួយ ព្រមទាំងគ្រាប់ចំនួន៧គ្រាប់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានអាវុធហត្ថកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការដាក់ទោសទៅតាមនីតិវិធីច្បាប់៕


មតិយោបល់