ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ​អំពាវនាវ៖ បញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ​ក្នុង​វិបត្តិ​កូវីដ

សេចក្ដីអំពាវនាវ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការផ្ទុះរីករាលដាលនៃមេរោគកូដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅរាជធានីភ្នំពេញ ចាប់ពី
ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់បច្ចុប្បន្ននេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់ កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ។ ក្នុងន័យនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការគិតគូរ និងជួយទ្រទ្រង់
ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដូចខាងក្រោម៖

១. ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ
ព្រឹត្តិការណ៍ -សហគមន៍២០កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ-១៩ មាន
សភាពធូរស្រាលឡើងវិញ។
២. យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួល
ទាំងឡាយ ដោយគួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវ
ក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញ
ពួកគាត់ចេញឡើយ។

រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល
ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ជាក់ជាមិនខាន។

 

មតិយោបល់