ភ្នំពេញៈ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកគ្រឿងសំណង់មួយគ្រឿង កំពិតកាប៊ីនផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ ខណៈដែល កំពុងតែបើកបរផ្លូវត្រង់ ហើយត្រូវបានរថយន្តក្រឡុកបេតុងមួយគ្រឿងទំនងជាខ្លាចបេតុងរឹងចាក់មិនទាន់បានជាបើកបត់ យ៉ាងតក់ក្រហល់ទៅកៀរនិងអូសជាច្រើនម៉ែត្រទើបឈប់ សំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ករណីគ្រោះថ្នាក់ចរចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣៤នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចច្រកចូលពេទ្យជោរៃ កែងនិងផ្លូវជាតិលេខ១ ភូមិបឹងស្នោរ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកគ្រឿង សំណង់មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-8838 មួយគ្រឿង បើកបរក្នុងទិសដៅពីលិតទៅកើត ក្នុងគោលបំណងដឹកយកទៅចែកចាយតាមដេប៉ូមួយចំនួននៅឯកៀនស្វាយ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តក្រឡុកបេតុង របស់ក្រុមហ៊ុន ជីប ម៉ុង ខនគ្រីត មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 5A-0568 បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីកើតទៅលិចបត់ឆ្វេងទៅកៀរ និង អូសរថយន្តដឹកសំណង់ជាច្រើនម៉ែត្រ សំណាងល្អមិនបានបណ្តាលឲ្យបុរស ៣នាក់ដែលជិះក្នុងកាប៊ីននោះរងគ្រោះថ្នាក់។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់ធ្វើការវាស់វែង និងយក រថយន្តទាំង ២គ្រឿងយកទៅចតអែបខាង ហើយភាគីទាំង២ធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តក្រឡុកបេតុងបង្ក យល់ព្រមយករថយន្តដឹកគ្រឿងសំណង់រងគ្រោះទៅធ្វើការជួសជុលអោយជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕
មតិយោបល់