ព័ត៌មានជាតិ

បារាំងថ្កោលទោសអំពើហិង្សាងងឹតងងល់ និងបង្ហូរឈាមក្នុងប្រទេសមីយ៉ាន់ម៉ា

 

(ប៉ារីស)៖ បារាំងបានថ្កោលទោសយ៉ាងខ្លាំងលើអំពើហិង្សាបង្ហូរឈាមបង្រ្កាបលើក្រុមបាតុករ ពីសំណាក់កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបាន បាញ់សម្លាប់បាតុករច្រើនជាង១០០នាក់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian នៅក្នុងសេចក្ដីថ្លែងការណ៍ការចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះបានគូសបញ្ជាក់ដូច្នេះថា៖ «កងកម្លាំងសន្តិសុខ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានដើរដល់ដំណាក់កាលថ្មីមួយក្នុងអំពើហិង្សាយ៉ាងងងឹតងងល់ និងបង្ហូរឈាម…ហើយជាថ្មីម្ដងទៀតពួកគេបានប្រើប្រាស់អាវុធប្រឆាំងនឹង ប្រជាជនដោយសម្លាប់មនុស្សច្រើនជាង១០០នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ»។

រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះក៏បានអំពាវនាវឱ្យផងដែរឱ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់ការប្រើប្រាស់ហិង្សា និងដោះលែងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់នូវអ្នកដែល កំពុងជាប់ឃុំ និងចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញជាបន្ទាន់៕

មតិយោបល់