ព័ត៌មានជាតិ

អ្នកបម្រើការងារ នៅ​ភ្នំពេញ​ ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវមានលិខិតបញ្ជាក់ពីអង្គភាព និងត្រូវពាក់កាតជាប់ខ្លួន​បន្ទាប់ពីចេញក្រោយម៉ោង៨យប់

ការចេញមកបញ្ជាក់បន្ថែមពីរបស់លោកអភិបាលសាលារាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានចម្ងល់ជាច្រើនរបស់មហាជន នៅលើបណ្ដាញសង្គម Facebook ពិសេសប្រជាពលរដ្ឋដែលបម្រើការងារនៅក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយចេញធ្វើការអាចយូរជាងម៉ោង៨យប់ តើពួកគាត់ត្រូវធ្វើបែបណាទើបអាចធ្វើដំណើរបាន ដោយមិនមានហាមឃាត់ ឬត្រូវផាកពិន័យ?។

អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ក្នុងករណីក្រុមហ៊ុនមានបុគ្គលដែលត្រូវចេញពីធ្វើការយប់ ត្រូវសម្រួលការងាររដ្ឋបាល ជូនបុគ្គលិករបស់ខ្លួន ដោយត្រូវចេញលិខិតបញ្ជាក់អំពីពេលវេលាធ្វើការច្បាស់លាស់ នៅក្នុងលិខិតនោះ ហើយឲ្យបុគ្គលដាក់តាមខ្លួនពេលចេញពីធ្វើការ ព្រោះងាយស្រួលបង្ហាញសមត្ថកិច្ចនៅតាមគោលដៅ។

ក្នុងករណីក្រុមហ៊ុនមិនមានបុគ្គលចេញពីធ្វើយប់ទេ ប៉ុន្ដែសរសេរលិខិតដើម្បីកុហកសមត្ថកិច្ចនោះ នៅពេលសមត្ថកិច្ចរកឃើញ នឹងឈានដល់ការចាត់វិធានការក្រុមហ៊ុននោះតែម្ដង។

គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយ:ពេល២សប្តាហ៍។ តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា«ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយ:ពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»

ប្រភព៖ FN

មតិយោបល់