ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន២នាក់ដកហូតបានថ្នាំញៀនមួយកញ្ចប់ធំ

ភ្នំពេញ: មេក្លោងជួញដូរថ្នាំញៀនពីរនាក់ រួមនឹងថ្នាំញៀនមួយកញ្ចប់ធំ ត្រូវបានកម្លាំងនគរបាលការិយាល័យ “ក៩” នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ថានីយ៍សាំងតេលា រង្វង់មូលកួចកាណុង គល់ស្ពានជ្រោយចង្វារខាងលិចក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ។

លោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយការិយាល័យ “ក៩” បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះថា ប្រតិបត្តិការចាប់ខ្លូនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងនៅចំណុច ស្ថានីយ៌សាំងតេលា រង្វង់មូលកួចកាណុង គល់ស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ។ ដោយបានឃាត់ខ្លួន មេក្លោងលក់គ្រឿងញៀនទាំង២នាក់ ទី១ឈ្មោះ សុខ រ៉ុយ ហៅ ដា ភេទ ប្រុស ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ ស្រុកកំណើត ភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល សង្កាត់វាលវង់ ខណ្ឌ ៧មករា ក្រុងភ្នំពេញ ទី២ឈ្មោះ ឡេង ធីតា ភេទស្រី ខ្មែរកម្ពុជាក្រោម អាយុ៣២ឆ្នាំ ស្រុកកំណើត ឃុំហាបូ ស្រុកបាយឆៅ ខេត្តឃ្លាំង ប្រទេស វៀតណាម ទីលំនៅបច្ចុប្បន្ន ភូមិ៧មករា សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក យិន បញ្ញារិទ្ធ បានបន្តថា ក្រៅពីដកហូតថ្នាំប្រភេទមេតំហ្វេតាមីន ( ICE ) កម្លាំងរបស់លោក ក៏បានដកហូតថ្នាំគ្រាប់ ប្រភេទអិចស្តាស៊ី ( ថ្នាំគ្រវី ) ចំនួន ៤០គ្រាប់ រថយន្ត តាក់ស៊ីម៉ែត្រ១គ្រឿង ទូរសព្ទ ២គ្រឿងផងដែរ។

លោក បញ្ជាក់ថា លទ្ធផលបង្ក្រាបមេក្លោងលក់គ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន លោកឧត្តមសេនីយ៍ ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់នេះ ត្រូវបានយកទៅសួរនាំបន្តទៀត នៅការិយាល័យរបស់លោកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

1

photo_2016-10-14_11-10-19

photo_2016-10-14_11-10-21

photo_2016-10-14_11-10-23

មតិយោបល់