បន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ដោយគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៧និង៣៥នាទីយប់ថ្ងៃទី០៩ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចមុខសាលាឃុំរលួស ស្ថិតក្នុងភូមិស្លែងថ្មី ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះបើកបរម៉ូតូដែលស្លាប់ឈ្មោះ មឿយ ម៉ាច ភេទប្រុស អាយុ២០ឆ្នាំ និងអ្នករួមដំណើរឈ្មោះ អៀម ពឺត ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅ ជាមួយគ្នា ភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (គ្មានមួកសុវត្ថិភាពទាំង២នាក់)រងរបួសធ្ងន់ម្នាក់បាក់ដៃស្តាំ ។ ទាំង២នាក់ជិះម៉ូតូម៉ាកexciter ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ ។ ចំណែកអ្នកបើកគោយន្តកន្ត្រៃឈ្មោះ អ៊ីន សុភិន ភេទប្រុសអាយុ២២ឆ្នាំ រស់នៅ ភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ អ្នកបើកបរគោយន្តបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុមុខសាលាឃុំរលួសបានឈប់ចត ដោយមិនមានដាក់សញ្ញា សម្គាល់ ហើយម្ចាស់ដើរទៅទិញម្ហូបនៅហាងជិតនោះ ។ ស្រាប់តែមួយសន្ទុះ ស្រាប់តែម៉ូតូជនរងគ្រោះ ធ្វើដំណើរស្របទិសគ្នាជ្រុលបុកពីក្រោយពេញទំហឹង ខណៈដែលគោយន្តកន្ត្រៃឈប់ចតលើទ្រូងថ្នល់មិនមានភ្លើងសញ្ញាសម្គាល់ ហើយភាគីម៉ូតូបើកក្នុងល្បឿនលឿន ។
បច្ចុប្បន្ន វត្ថុតាងគោយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក រួមទាំងអ្នកបើកបរគោយន្ត ឃាត់ខ្លួននៅអធិការដ្ឋានរងចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕
មតិយោបល់