ចំនួនអ្នកជំងឺកូវីដ១៩ដែលកើនឡើងយ៉ាងគំហុកនារយៈពេលពីរថ្ងៃចុងក្រោយនេះ លើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ សណ្ឋាគារ The Great Duke និងនៅមន្ទីរពេទ្យព្រមទាំងកន្លែងព្យាបាលជំងឺកូវីដ១៩នៅទីក្រុងភ្នំពេញ ត្រូវពេញប្រៀបទៅដោយអ្នកជំងឺកូវីដ១៩។ តាមរយៈស្ថានការណ៍នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឲ្យដឹងថា រដ្ឋាភិបាលបានរៀបចំវិធានការព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺដែលមានសភាពស្រាល។ ក្នុងករណីដែលផ្ទះមានទំហំតូច អ្នកជំងឺនោះត្រូវចេញមកព្យាបាលនៅតាមទីតាំងដែលរដ្ឋរៀបចំ ដែលឥឡូវនេះ មានបន្ថែមនូវវិទ្យាល័យចំនួន២ អគារម៉ូឌែន២ និងអគារនៅមជ្ឈមណ្ឌលកោះពេជ្រ។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានប្រាប់ដល់អាជ្ញាធរតាមបណ្ដាខេត្តដទៃទៀត ឲ្យរៀបចំទីតាំងសម្រាប់អ្នកជំងឺកូវីដ១៩ ឲ្យបានយ៉ាងហោចណាស់៥០គ្រែក្នុងមួយខេត្ត។ ចំណែកមន្ទីរពិសោធន៍សំណាកវីរុសកូវីដ១៩ ប្រមុខរដ្ឋាភិបាលកម្ពុជាទទូចឲ្យបង្កើនសមត្ថភាពធ្វើតេស្តសំណាករបស់ខ្លួន ខណៈកន្លងមក លោកសង្កេតឃើញថា មន្ទីរពិសោធន៍ ដោយចំពោះមន្ទីរពិសោធន៍នៅភ្នំពេញ ធ្វើតេស្តសំណាកកូវីដ១៩ក្នុងល្បឿនយឺត និងមិនស្របទៅតាមយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា មន្ទីរពិសោធន៍នៅភ្នំពេញ មិនបានធ្វើតេស្តលើសំណាកដែលមានហានិភ័យមុនទេ ជាហេតុធ្វើឲ្យការគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ ធ្វើឡើងមិនទាន់សភាពការណ៍។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ដ្រីមិនបានស្ដីបន្ទោសចំពោះករណីនេះទេ ដោយលោកបញ្ជាក់ថា ការណ៍សំខាន់ដែលចាំបាច់ត្រូវធ្វើពេលនេះគឺទប់ស្កាត់និងកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ឲ្យបាន។

ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតចូលមកដល់ លោកនាយករដ្ឋមន្ដ្រី បានលើកដៃសំពះ ទទូចអង្វរកឲ្យប្រជាពលរដ្ឋនៅផ្ទះ កុំដើរហើបើមិនចាំបាច់។ ការបំពានបម្រាមទាំងឡាយរបស់អាជ្ញាធរមានសមត្ថកិច្ច និងការមិនធ្វើចត្តាឡីស័ក នឹងត្រូវរងការផាកពិន័យនិងផ្ដន្ទាទោស ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
ប្រភព៖ RFI
មតិយោបល់