គោលដៅនៃទស្សនកិច្ចមួយជុំតំបន់អាស៊ីរបស់ប្រេសិតអង្គការសហប្រជាជាតិលោកស្រី Christine Schraner Burgener គឺស្វែងរកដំណោះស្រាយឲ្យវិបត្តិនយោបាយភូមាដែលបានអូសបន្លាយជាង ២ខែ។ ដរាបណាវិបត្តិអូសបន្លាយកាន់តែយូរ ដរាបនោះចំនួនមនុស្សស្លាប់ ចំនួនមនុស្សរងរបួស និងទុក្ខសោករបស់ប្រជាជនស៊ីវិលស្លូតត្រង់បន្តកើនឡើងជាលំដាប់។ ជម្រើសរបស់ប្រេសិតអង្គការសហប្រជាជាតិលោកស្រី Christine Schraner Burgener ទៅកាន់ភូមា គឺដើម្បីស្វែងយល់ពីស្ថានការណ៍ផ្ទាល់នៅនឹងកន្លែង និងដើម្បីជួបពិភាក្សាជាមួយមេដឹកនាំរបបសឹកដែលជាតួអង្គរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុង សានស៊ូជីកាលពីថ្ងៃទី១ កុម្ភៈ។ សមាជិកជាច្រើននៃក្រុមប្រឹក្សាសន្តិសុខបានគូសបញ្ជាក់ពីសារៈសំខាន់នៃទស្សនកិច្ចឆាប់រហ័សរបស់លោកស្រី Christine ទៅកាន់ភូមា។
«ខ្ញុំត្រៀមខ្លួនដើម្បីធ្វើកិច្ចសន្ទនា។ អំពើហិង្សាមិនអាចនាំឲ្យមានដំណោះស្រាយយូរអង្វែងឡើយ» នេះជាការថ្លែងរបស់លោកស្រី Christine។ តែគួរឲ្យស្តាយ របបសឹកនៅតែបន្តបដិសេធមិនទទួលស្វាគមន៍ប្រេសិតរបស់អង្គការសហប្រជាជាតិរូបនេះទេ។ តាមលោកស្រី Chritine របបសឹកបានឆ្លើយប្រាប់លោកស្រីថា របបសឹកនៅមិនទាន់បានត្រៀមខ្លួនដើម្បីទទួលលោកស្រីនៅឡើយទេ។ ចំណែកអ្នកនាំពាក្យរបបសឹកបានថ្លែងស្រដៀងគ្នានេះក្នុងថ្ងៃសុក្រ ទី៩ មេសាថា របបសឹកមិនអនុញ្ញាតឲ្យមានទស្សនកិច្ចរបបៀបនេះ ហើយរបបសឹកក៏គ្មានឆន្ទៈអនុញ្ញាតឲ្យមានទស្សនកិច្ចរបៀបនេះនៅពេលនេះដែរ។ យ៉ាងណាក៏ដោយ លោកស្រី Christine បានត្រឹមធ្វើដំណើរទៅកាន់ប្រទេសថៃ និងត្រូវបន្តដំណើរទៅកាន់ប្រទេសចិនដែលជាសម្ព័ន្ធប្រពៃណីចាក់ទឹកមិនលេចរបស់ភូមា។
មតិយោបល់