ព័ត៌មានជាតិ

ឆ្នាំនេះសង្គ្រាន្តចូលមកនៅក្នុងថ្ងៃពុធ ១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីព្រឹក

ឆ្នាំនេះសង្គ្រាន្តចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ
ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីព្រឹក ទៀបភ្លឺ (រំលងអធ្រាត្រនៃយប់ថ្ងៃ១៣) ។

នោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសី ដើរតាមគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មណ្ឌាទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ អន សៀតផ្ការ ចម្ប៉ា អាភរណៈ កែវពិទូរ្យ(ពេជ្រភ្នែកឆ្មា) ភក្សាហារ សប្បិ ព្រះហស្តស្ដាំទ្រង់ ម្ជុល ព្រះហស្ដឆ្វេងទ្រង់ ឈើច្រត់ គង់លេីខ្នង គទ្រភ (សត្វលា) ជាពាហនៈ ។

នាំអស់ពួកទេពនិករ បវរកញ្ញាទាំងមួយសែនកោដិ ហោះទៅកាន់ គុហាកែវឈ្មោះធម្មមាលីនាទីភ្នំ កែលាស ខេត្តហេមពាន្ត ដែលប្រតិស្ឋានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹកអនោតត្ត មហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ត្រជាក់ត្រជំ ក្សេមក្សាន្តព្រះហឫទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភា ដែលវិស្សកម្មទេវបុត្រនិម្មិតថ្វាយ ហើយបន្ទោបង់នូវអពមង្គលឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គលសិរីសួស្ដី ជន្មាយុយឺនយូរតរៀងទៅ ។
ថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីព្រឹក(រំលងអធ្រាត្រនែយប់ថ្ងៃទី១៣) ជាថ្ងៃចូលឆ្នាំថ្មី ។

ថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៥ ខែមេសា ឆ្នាំ២០២១
ជាថ្ងៃវ័នបត ។

ថ្ងៃសុក្រ ៥កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៦ ខែមេសា ឆ្នាំ២០២១
ជាថ្ងៃឡើងស័ក ។

គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកលឆ្នាំឆ្លូវ ត្រីស័ក
តរៀងទៅ ។

ក្នុងឱកាសសង្គ្រាន្តទាំង៣ថ្ងៃនេះ សូមអស់ជនានុជនប្រុសស្រីទាំងឡាយ រៀបចំគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម ជូនមាតាបិតា អាណាព្យាបាល ជាបុព្វការី ព្រមទាំងទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី ហើយខិតខំលះបង់នូវចិត្តអាក្រក់ ជាចិត្តប្រកបដោយអភិជ្ឈា ព្យាបាទមិច្ឆាទិដ្ឋិឱ្យជ្រះ ស្រឡះ ចម្រើនឡើងវិញនូវចិត្តប្រកបដោយបញ្ញា និងព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យសុន្ទរ៍ទាន រក្សាសីលតាមប្រពៃណីឱ្យបានជាប់ជានិច្ច នោះទេព្តានឹង ឱ្យពរសព្ទសាធុការលោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ ប្រកការងារបានត្រជាក់ត្រជំ អាយុយឺនយូរតរៀងទៅ ។

មតិយោបល់