ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។
វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានាចុងខែមេសាខាងមុខនេះតាមរយៈជើងហោះហើរពាណិជ្ជកម្ម។

សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ធ្លាប់បានបង្ហាញនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយវ៉ាក់សាំង ដែលជំនួយដ៏មានតម្លៃមិនអាចកាត់ថ្លៃនាពេលនេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ចិន នឹងមិនអាចមកដល់ប្រទេសកម្ពុជានោះឡើយ បើគ្មានការកសាងទំនាក់ទំនងល្អជាមួយគ្នាទេនោះ។ ជាពិសេសគឺការត្រួសត្រាយផ្លូវប្រកបដោយព្រះបញ្ញាញាណរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនជាន់មុន ហើយត្រូវបានថែបំប៉នដោយយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច និងថ្នាក់ដឹកនាំចិននាពេលបច្ចុប្បន្ន៕
មតិយោបល់