ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនឧត្តមសេនីយ៍ផ្កាយ២ និងបក្ខពួក២នាក់ទៀត ដែលជួបជុំស៉ីផឹកល្មើសវិធានការបិទខ្ទប់

នៅទីបំផុតចៅក្រមស៉ើបសួរ លោក អ៊ុក សុវណ្ណារិទ្ធ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទទាំង៣នាក់ ម្នាក់ជានគរបាលពាក់ផ្កាយពីរ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅដាក់ពន្ធនាគារព្រៃសរ ហើយនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពី លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មានចែងអំពី «បទរារាំងដល់ការអនុវត្តវិធានការ» ដោយកំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញស្រប តាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២,០០០,០០០ (ពីរលាន) រៀល ទៅ១០,០០០,០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ) ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥,០០០,០០០ (ប្រាំលាន)រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

សូមជំរាបថា បន្ទាប់ពីក្រុមគ្រូពេទ្យបានចុះធ្វើសំណាករួចរាល់នៅព្រឹកមិញនេះ ដើម្បីតេស្ដរកមេរោគកូវីដ១៩ទាំង៣នាក់ សមត្ថកិច្ចបានធ្វើការនាំខ្លួន ឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ឋាភិបាលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅរកការចោទន្រកាន់តាមផ្លូវច្បាប់។

កាលពីយប់មិញ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់។

មតិយោបល់