ព័ត៌មានជាតិ

បង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានស្រ្តីម្នាក់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០២១ កិច្ចប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចផ្ទះជនសង្ស័យឈ្មោះ​ ពែល មី​ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ០៤នាក់ ឃាត់ខ្លួន០១នាក់៖ ១–ឈ្មោះ សាឡយ វិច្ឆិកា ហៅកា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ បច្ចុប្បន្ននៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរគ្រឿងញៀន) (ឃាត់ខ្លួន)។
២–ឈ្មោះ​ ពែល មី ភេទប្រុស អាយុ ២០ឆ្នាំ​ ជនជាតិខ្មែរ​ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ​ (មេខ្លោង)​ (កាន់កាប់អាវុធម៉ាក Ak ស្វាយបត់ចំហៀង០១ដើម លេខ1744 ផលិតឆ្នាំ១៩៦៧ ​(បង់១​ គ្រាប់២៧គ្រាប់) (គេចខ្លួន)។
៣–ឈ្មោះ​ ធីម ឌឿន (ហៅពែក) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ​ (មេខ្លោង)​ កាន់កាប់អាវុធម៉ាក AK កាត់ស្វាយ០១ដើម (គ្មានស្វាយ) គ្មានលេខ​ បង់០១​ គ្រាប់៣០គ្រាប់​ និងអាវុធខ្លីម៉ាក ប្រាស់ហា ចំនួន០១ដើម លេខ Z518368 បង់ចំនួន០១ គ្រាប់០៦គ្រាប់ និង ស្រោមចំនួន០១ ។ ឈ្មោះ​ ធីម ឌឿន (ហៅពែក) មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០៥​ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (គេចខ្លួន)។
៤–ឈ្មោះ​ សល់ រស្មី ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ (គេចខ្លួន) ។

វត្ថុតាងដកហូត៖១/ អាវុធម៉ាក Ak ០១ដើម​ ស្វាយបត់ចំហៀង០១ដើម លេខ1744 ផលិតឆ្នាំ១៩៦៧​(បង់១​ គ្រាប់២៧គ្រាប់)​ និង
២/អាវុធម៉ាកAK កាត់ស្វាយ០១ដើម (គ្មានស្វាយ) គ្មានលេខ​ បង់០១​ គ្រាប់៣០គ្រាប់​ ។
៣/ អាវុធខ្លីម៉ាក ប្រាស់ហា ចំនួន០១ដើម លេខZ518368 បង់ចំនួន០១ គ្រាប់០៦គ្រាប់ និង ស្រោមចំនួន០១ ។
៤/ អាវុធច្នៃប្រើខ្យល់ បាញ់គ្រាប់កង់ចំនួន០៣ដើម
៥/ ដាវ០១ដើម ពូថៅដៃដងឈើ០១ កាំបិតប៉័ងតោ០១​ និងកន្ត្រៃ០១។
៦/ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ​ ,ថ្នាំញៀន WY០២គ្រាប់​ និងឧបករណ៍​ប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

នៅមុនពេលកើតហេតុ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ​ បានទទួលព័ត៌មានពីឈ្មោះ​ សឿន សារ៉ន ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ​ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល​ មុខរបរ កម្មកររោងចក្រ តាមទូរសព្ទរាយការណ៍ថា មានឈ្មោះ​ សល់ រស្មី (ត្រូវជាក្មួយបង្កើត) បានយកកាំភ្លើងកែច្នៃ​ (ប្រើខ្យល់ ដាក់ហ្គាសបាញ់គ្រាប់កង់)​ គំរាមបាញ់សម្លាប់​សុំលុយ៥០០០៛ (ប្រាំពាន់រៀល)​ ។

ក្រោយពីទទួលបានព័ត៌មានបានភ្លាម​ កម្លាំងប៉ុស្តិ៍​ សហការជាមួយកម្លាំងផ្នែកជំនាញស្រុក​ បានចុះទៅកន្លែងកើតហេតុ​ ដើម្បីពិនិត្យ​ និងស្រាវជ្រាវ​ តែមុនពេលទៅដល់​ ជនសង្ស័យបានរត់គេចខ្លួន​បាត់​ បន្សល់ទុកអាវុធកែច្នៃ០១ដើម​លាក់ទុកក្នុងផ្ទះ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច​ បានបន្តការស្រាវជ្រាវ​ និងតាមរកជនសង្ស័យ​ ហើយបានឃើញជនសង្ស័យទាំង៣នាក់​ កំពុងពួនសំងំនៅផ្ទះឈ្មោះ​ ពែល មី ប៉ុន្តែជនសង្ស័យទាំង៣នាក់នោះ បានរត់គេចខ្លួនចូលព្រៃខាងកើតផ្ទះអស់បាត់ទៅ​ ។ ពេលនោះកម្លាំងសមត្ថកិច្ច​ បានប្រទះឃើញអាវុធ AKស្វាយបត់១ដើមលាក់ទុកក្នុងសំបុកមាន់​ និងឧបករណ៍​ប្រើប្រាស់ថ្នាំញៀនវេចខ្ចប់មួយចំនួន ។

ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ និងមានការសម្របសម្រួល ដោយឯកឧត្តម​ លាវ​ ស្រេង​ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក​ លោកមេឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាល​ លោកមេភូមិ​ និងនៅចំពោះមុខឈ្មោះ​ សាឡយ​ វិច្ឆិកា​ ភេទស្រី​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរមិនពិតប្រាកដ​ ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ​ ពែល​ មី​ អនុញ្ញាតឱ្យកម្លាំងសមត្ថកិច្ច​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុក​ ធ្វើការឆែកឆេរផ្ទះជនសង្ស័យ​ រកឃើញអាវុធ AKស្វាយបត់១ដើមទៀត​ អាវុធខ្លី១ដើម​ ម៉ាកប្រាស់ហា​ និងដាវ០១ដើម និងពូថៅដៃដងឈើចំនួន០១ និងកាំបិតប៉័ងតោ០១ និងអាវុធច្នៃ​០២ដើម​ (កាំភ្លើងខ្យល់) និងឃើញថ្នាំញៀនមួយកញ្ចប់ធំ ។

ចំពោះ​ សាឡយ​ វិច្ឆិកា​ ត្រូវបានអញ្ជើញមកកាន់អធិការដ្ឋាននគរបាលស្រុក​ ដើម្បីសួរនាំ​ តាមបញ្ជារបស់ឯកឧត្តមព្រះរាជអាជ្ញា។

តាមចម្លើយសារភាពរបស់ឈ្មោះ​ សាឡយ​ វិច្ឆិកា​ បានឆ្លើយថាខ្លួនជាអ្នកលក់ថ្នាំញៀន​ ចំណែកអាវុធខាងលើនេះ​ត្រូវបានឈ្មោះ​ ពែល​ មី​ យកមកលាក់ទុកក្នុងផ្ទះខ្លួន​ នៅព្រឹកថ្ងៃទី១៦.០៤.២០២១​ វេលាម៉ោងប្រហែល៥ព្រឹក។

បច្ចុប្បន្ន​ វត្ថុតាងត្រូវបាននាំយកមកកាន់ អធិការដ្ឋាននគរបាលស្រុក​ និងសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់