បន្ទាយមានជ័យ៖ សមត្ថកិច្ចថៃក្នុងស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ បានឃុំខ្លួនក្រុមមេខ្យល់២នាក់និងតែកុងរថយន្តលួចនាំពលករខ្មែរខុសច្បាប់ចូលប្រទេសចំនួន២៣នាក់ ក្នុងនោះមានម្ចាស់ផ្ទះដែលរួមគំនិតលាក់បំពួនក្នុងទឹកដីស្រុកគោកឃ្យូង ខេត្តស្រះកែវផងដែរ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ។
យោងតាមប្រភពសារព័ត៍មានរបស់ថៃបានឲ្យដឹងថា៖ សមត្ថកិច្ចទាហានឈុត ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ សហការជាមួយកម្លាំងស្រាវជ្រាវ ស្រុកគោកឃ្យូង ក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានការលោបលួចចូលប្រទេសដោយខុសច្បាប់ នៅក្នុងទឹកដីស្រុកគោកឃ្យូង ព្រមទាំងទាក់ទងទៅអង្គភាពពាក់ពន្ធ័ ដើម្បីចូលទៅត្រួតពិនិត្យនឹងចាប់ខ្លួនពលករខ្មែរនិងមេខ្សល់នោះ ។
ក្នុងកិច្ចប្រត្តិបត្តការស្រាវជ្រាវសមត្ថកិច្ច រកឃើញរថយន្តធុនតូចចំនួន២គ្រឿង បើកចូលមកផ្ទះលេខ៣ ភូមិ៣ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ខាងសមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណបុគ្គលលោបលួចចូលប្រទេសខុសច្បាប់ ជាពលករខ្មែរចំនួន២៣នាក់ ក្នុងនោះប្រុស១៥នាក់ នឹងស្រី៨នាក់ អង្គុយក្នុងរថយន្តធុនតូចម៉ាកតូយ៉ូតា ព៌ណក្រហម ពាក់ស្លាកលេខ7กฌ-2205 ក្រុងថេប ចំនួន៦នាក់ នៅក្នុងរថយន្តធុនតូចម៉ាកតូយ៉ូតា ព៌ណទឹកប្រាក់ ពាក់ស្លាកលេខญส-5083ក្រុងថេប ចំនួន៩នាក់ និងនៅក្នុងផ្ទះរបស់អ្នកស្រីឈ្មោះ បានយេន សាវិឡាស អាយុ៦៩ឆ្នាំ ផ្ទះលេខ៣ ភូមិណងសេម ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ចំនួន៨នាក់ទៀត ព្រមទាំងមេខ្យល់ជនជាតិថៃ២នាក់ និងម្ចាស់ផ្ទះម្នាក់ សរុប២៥នាក់។
ក្រោយពីសួរនាំរបស់សមត្ថកិច្ច បានឲ្យដឹងថា៖ មេខ្យល់ជនជាតិថៃ២នាក់ បានប្រាប់ថា បានទទួលកម្រៃក្នុងការនាំផ្លូវម្នាក់៩០០បាត ដោយនាំពលករទាំងនោះ បញ្ជូនទៅខេត្តឆះឆឺងសៅ៣នាក់,ផ្សារថៃ១នាក់,ផ្លូវឧត្តមសុខបាងកក២នាក់,ហួយក្វាងបាងកក២នាក់,ខេត្តប្រាជីនបុរី២នាក់,ខេត្តសមុទ្រប្រាកាន២នាក់,ខេត្តណៈខននាយក២នាក់,ខេត្តរ៉ាក់យ៉ង៣នាក់,ខេត្តឈុនបុរី៥នាក់នឹងខេត្តតាប់ប្រាយ៉ា៥នាក់ទៀត។ ជាមួយគ្នានោះពលករខ្មែរបានប្រាប់សមត្ថកិច្ចថៃថា៖ ពួកខ្លួនបានធ្វើដំណើរចូលមកប្រទេសថៃតាមច្រករបៀង និងមានរថយន្តដឹកមកផ្ទះរបស់អ្នកស្រីឈ្មោះ បាន យេន ដើម្បីរង់ចាំរថយន្តដឹកទៅគោលដៅផ្សេងៗបន្តទៀត។
បច្ចុប្បន្នសមត្ថកិច្ចបាននាំជនត្រូវចោទទាំងអស់ទៅសួរនាំបន្ថែម ដើម្បីអនុវត្តតាមច្បាប់ នៅស្ថានីយ៍នគបាលគោកឃ្យូង និងធ្វើកំណត់ហេតុចាប់ខ្លួន បណ្ដេញចេញតាមច្រកMOUភូមិណូន ម៉ាកមុនមកកម្ពុជាវិញ៕
មតិយោបល់