(Reuter)៖ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផ្លាស់ប្តូរជាប្រញ៉ាប់នូវការប្រកាសរបស់លោកដែលថាការសម្លាប់រង្គាលទៅលើជនជាតិ Armenia នៅឆ្នាំ ១៩១៥ នៅក្នុងចក្រភពអូតូម៉ង់ ជាអំពើប្រល័យពូជសាសន៍ដែលជាសកម្មភាពមួយដែលលោកបាននិយាយថា បានធ្វើឱ្យមានការមិនសប្បាយចិត្ត និងប៉ះពាល់ដល់ចំណងមិត្តភាពទ្វេភាគី។
កាលពីថ្ងៃសៅរ៍ សេចក្តីប្រកាសជាប្រវត្តិសាស្រ្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden បានធ្វើឲ្យមានការខឹងសម្បារដល់សម្ព័ន្ធមិត្តណាតូគឺប្រទេសទួរគី ដែលទួរគីបាននិយាយថាសេចក្តីប្រកាសនេះបានបង្កឲ្យមាន “ស្នាមរបួសជ្រៅ” នៅក្នុងទំនាក់ទំនងដែលមានភាពមិនចុះសម្រុងជុំវិញបញ្ហាជាច្រើនរួចទៅហើយ។
នៅក្នុងសេចក្តីអត្ថាធិប្បាយដំបូង បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Biden លោក Erdogan បាននិយាយថា “ជំហានដែលខុស” នឹងរារាំងដល់ទំនាក់ទំនង ហើយបានផ្តល់ដំបូន្មានដល់សហរដ្ឋអាមេរិកឲ្យ “ឆ្លុះកញ្ចក់មើលខ្លួនឯង” ហើយលោកបានបន្ថែមថា ទួរគីនៅតែស្វះស្វែងបង្កើនចំណងមិត្តភាពល្អជាមួយ Armenia ។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក Erdogan បាននិយាយថា “ប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើសេចក្តីថ្លែងការណ៍ដោយគ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងមិនពិតអំពីព្រឹត្តិការណ៍សោកសៅដែលបានកើតឡើងនៅក្នុងភូមិសាស្ត្ររបស់យើងកាលពីមួយសតវត្សរ៍មុន” ។ ជាថ្មីម្តងទៀតលោកបានអំពាវនាវឲ្យអ្នកប្រវត្តិសាស្រ្តទួរគី និង Armenia បង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតព្រឹត្តិការណ៍នេះ។
លោកបាននិយាយថា “ខ្ញុំសង្ឃឹមថាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងងាកចេញពីជំហានដែលខុសនេះឲ្យបានឆាប់បំផុត”។
លោកបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការខកខានក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះដែលមានអាយុកាលរាប់ទសវត្សរវាង Azerbaijan និង Armenia នៅ តំបន់Nagorno-Karabakh ដែលសហរដ្ឋអាមេរិក រុស្ស៊ី និងបារាំងជាអ្នកសម្របសម្រួលហើយបាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងដឹងការពិតនៅពេលដែល ការសម្លាប់រង្គាលត្រូវបានស្រាវជ្រាវ ៕
មតិយោបល់