(Reuter) នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នឹងនិយាយនៅថ្ងៃពុធនេះថា ប្រទេសអូស្ត្រាលីនឹងចំណាយប្រាក់ ៧៤៧ លានដុល្លារអូស្ត្រាលី (៥៨០ លានដុល្លារអាមេរិក) ដើម្បីធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានយោធាចំនួន ៤ នៅភូមិភាគខាងជើងរបស់ខ្លួន និងពង្រីកការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។
យោងតាមសំរង់ព័ត៌មានដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទទួលបាន បង្ហាញថា ព្រលានយន្តហោះមួយនៅក្នុងដែនដីភាគខាងជើងនឹងត្រូវបានពង្រីកបន្ថែម ដើម្បីឱ្យយន្តហោះដែលមានទំហំធំចុះចតបាន ការរៀបចំទីលានបាញ់កាំភ្លើងឡើងវិញ និងកន្លែងហ្វឹកហាត់ថ្មីដែលបានបង្កើតឡើងសម្រាប់បុគ្គលិកយោធា និងកងទាហានម៉ារីនរបស់សហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រី Scott Morrison នឹងនិយាយថា “ការធ្វើការជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់យើង និងប្រទេសជិតខាងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក យើងនឹងបន្តផ្តល់ផលប្រយោជន៍ដល់យើងថែមទៀតតាមរយៈការវិនិយោគនៅក្នុងវិស័យការពារជាតិរបស់អូស្ត្រាលី” ។
“ចំណាប់អារម្មណ៍របស់យើងគឺ ផ្តោតទៅលើសន្តិភាព ស្ថេរភាព និងសេរីភាព និងភាពបើកចំហរបស់ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយមានសណ្តាប់ធ្នាប់ពិភពលោកដែលឲ្យតម្លៃទៅលើសេរីភាព” ។
ការធ្វើឲ្យប្រសើរផ្នែកយោធានឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយបញ្ចប់នៅក្នុងឆ្នាំ ២០២៦ ។ ប៉ុន្តែការិយាល័យរបស់នាយករដ្ឋមន្ត្រីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ៕
មតិយោបល់